(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយ លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាប្រធាន UN-ESCAP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជានិង UN-ESCAP ហើយនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ «ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦-២៩ ខែមេសា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត គាំ រីបូន អគ្គលេខាធិការ និងលោក គឺ ប៊ុណ្ណាវុត អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអេស្កាប់ផងដែរ។
លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលផ្តល់កិត្តិយសថ្លែងនូវសុន្ទរកថា គន្លឹះបើកសន្និបាតប្រចាំឆ្នាំលើកទី៧៧ នៃ UN-ESCAP ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង UN-ESCAP ហើយលោកស្រី នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរង ក៏បានអញ្ចើញ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្លែងសុន្ទរកថានាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំមួយសម្រាប់បណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចផងដែរ។
ជាការឆ្លើយតប ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចនេះ ហើយលោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃសន្និបាតប្រចាំឆ្នាំលើកទី ៧៧ នៃ UN-ESCAP ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងបាងកង ប្រទេសថៃ ព្រមទាំងបានជូនពរឲ្យការប្រព្រឹត្តិទៅនៃសន្និបាតនេះ ទទួលបានជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ ក៏ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដូចជាវិធានការនានាទប់ស្កាត់ ដំណើរការចាក់ថ្នាំវ៉ាក់សាំង និងការផ្តល់សេវាសុខាភិបាលសម្រាប់អ្នកមានវិជ្ជមានកូវីដ-១៩ ជាពិសេសការជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងជីវភាពគ្រួសារក្រីក្រកម្រិត១ កម្រិត២ ដែលរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ ផង។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរង ក៏បានរំលឹកអំពីអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចរបស់លោកស្រីលើកដំបូងកាលពីឆ្នាំ២០១៩ បន្ទាប់ពីលោកស្រីត្រូវបានតែងតាំងប្រធាន UN-ESCAP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្រ្តី គ្រោងនឹងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី ៧៧ នៃ UN-ESCAP ដោយលើកឡើងអំពីការស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩៕