(ភ្នំពេញ)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកប្រើប្រាស់អ៉ីនធើណិតនៅកម្ពុជា មានកំណើនយ៉ាងឆាប់រហ័ស។ បើគិតត្រឹមចុងឆ្នាំ២០២០ និយ័តករទូរគមនាគមន៍កម្ពុជា បានប្រកាសថា អ្នកប្រើប្រាស់អ៉ីនធើណិត (Internet subscribers) មានចំនួនជាង ២០លាន (២០,៣៤០,៤៨០) និងប្រើប្រាស់អ៉ីនធើណិតតាមទូរស័ព្ទដៃ (mobile phone subscribers) មានជិត ២១លាន (២០,៨២៧,៤៣៥) [ ...]។ នេះបញ្ជាក់ថា ចំនួនអ្នកប្រើប្រាស់អ៉ីនធើណិតលើសពីចំនួនប្រជាជនជាក់ស្តែង ដោយសារតែកម្ពុជាមានប្រតិបត្តិករទូរសព្ទចំនួន ៦ក្រុមហ៊ុន ហើយប្រជាជនម្នាក់អាចប្រើសេវា ឬស៊ីមកាតទូរសព្ទលើសពីមួយ។ ដោយឡែក សារព័ត៌មានចិនស៊ីនហួរ បានបញ្ជាក់ដែរថា កម្ពុជាមានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ១០.៩លានគណនី។

ចំនួនអ្នកប្រើប្រាស់អ៉ីនធើណិតច្រើនជារឿងល្អមួយ ប៉ុន្តែវាក៏ជារឿងដ៏គួរឱ្យព្រួយបារម្ភមួយផងដែរ។ គួរឱ្យព្រួយបារម្ភ ព្រោះថា កុមារ និងយុវជនកាន់តែច្រើន ក៏កំពុងតែប្រើប្រាស់អ៉ីនធើណិតដូចគ្នា ហើយពួកគេជាជនងាយរងគ្រោះបំផុត។ នៅឆ្នាំ២០១៩ អង្គការយូនីសេហ្វ បានរកឃើញថា ៨៥.៧ភាគរយ នៃយុវជនកម្ពុជា ដែលប្រើប្រាស់អ៉ីនធើណិត ធ្លាប់ទទួលរងនូវអំពើហិង្សា ការយាយី និង រំលោភបំពានតាមប្រព័ន្ធអ៉ីនធើណិត។

អង្គការនេះ ក៏បានបញ្ជាក់ថា នៅកម្ពុជា ៨០.៤ភាគរយ នៃក្មេងស្រី និង ៩១.៥ភាគរយ នៃក្មេងប្រុស អាយុ ១៥-២៤ឆ្នាំ បានប្រើប្រាស់អ៉ីនធើណិតជាប្រចាំ[... ]។ ទន្ទឹមនឹងនេះ អង្គការសង្គ្រោះកុមារអន្តរជាតិ បានធ្វើការសម្ភាសអាណាព្យាបាលចំនួន ៧៣០នាក់ អំពីចំណេះដឹងពួកគាត់ទាក់ទងហានិភ័យ ដែលកុមារប្រឈមពេលប្រើប្រាស់អ៉ីនធើណិត។ ៧០ភាគរយ នៃពួកគាត់មិនដែលដឹងថា ក្មេងប្រើប្រាស់អ៉ីនធើណិតអាចប្រឈមនឹងហានិភ័យផ្សេងៗនោះទេ ពិសេសទាក់ទងទៅនឹងបញ្ហារំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៉ីនធើណិត។

ការកើនឡើងនៃចំនួនកុមារ និងយុវជនដែលប្រើប្រាស់អ៉ីនធើណិត រួមផ្សំនឹងកង្វះខាតចំណេះដឹងរបស់អាណាព្យាបាល នឹងបណ្តាលឱ្យកុមារ និងយុវជនរឹតតែងាយរងគ្រោះ។

ខាងក្រោមនេះ យើងនឹងនិយាយអំពីការរំលោភបំពានផ្លូវភេទកុមារ ឬយុវជនតាមប្រព័ន្ធអ៉ីនធើណិត (Online child sexual abuse)។ ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអ៉ីនធើណិតកើតឡើងនៅពេលដែលនរណាម្នាក់ព្យាយាមលួងលោម ឬបញ្ចុះបញ្ចូលកុមារឱ្យធ្វើសកម្មភាពទាក់ទងនឹងផ្លូវភេទ តាមប្រព័ន្ធអ៉ីនធើណិត។ សកម្មភាពទាំងនោះអាចជា៖

* ការលួងលោម ( Online Grooming)៖ នៅពេលនរណាម្នាក់ព្យាយាមបង្កើតទំនាក់ទំនងជាមួយកុមារ ឬយុវជន ដើម្បីឱ្យកុមារ ឬយុវជននោះ ជឿទុកចិត្ត រួចបញ្ចុះបញ្ចូលឱ្យផ្ញើរូបភាព ឬវីដេអូទាក់ទងនឹងប្រដាប់ភេទ ឬកេរ្តិ៍ខ្មាសទៅឱ្យពួកគេ តាមរយៈបណ្តាញសង្គម ប្រព័ន្ធសារ ឬការឡាយវីដេអូផ្ទាល់ជាដើម។

មុនដំបូងជនល្មើសតែងតែប្រើរូបភាពស្អាត ឬសង្ហារបែបឡូយឆាយ ដើម្បីទាក់ទាញជនរងគ្រោះ។ ក្រោយមកគេចូលចិត្តប្រើភាសាលួងលោម ឬសរសើរជនរងគ្រោះ ដូចជា៖ «អូនស្អាតដាច់គេ, សម្លេងអូនពិរោះណាស់ លឺតែសម្លេងក៏លង់ដែរ អូនចិត្តល្អម្ល៉េះ?...ល។»។ បន្ថែមលើនេះ ពួកគេក៏ប្រើមធ្យោយលួងលោមតាមរយៈការទិញកាដូ ឱ្យជាលុយកាក់ ឬសន្យាថា នឹងចូលស្តី ដណ្តឹងជាដើម។

ការសិក្សាស្រាវជ្រាវរបស់លោក មីតឈែល បានបង្ហាញថា ជាមធ្យម ឧក្រិដ្ឋជនប្រើពេលជាង ១ខែ ដើម្បីអាចលួងលោមកុមារ ឬយុវជនរងគ្រោះឱ្យធ្វើសកម្មភាពទាក់ទងនឹងផ្លូវភេទនេះបាន។ លោក ប្រ៊ីដ ទទួលស្គាល់ថា បើលួងលោមកុមាររងគ្រោះឱ្យលង់បាក់ចិត្តស្រឡាញ់ គេអាចត្រូវការពេលជាងមួយខែមែន តែបើគ្រាន់តែលួងលោម ដើម្បីអាចណាត់ជួបផ្ទាល់ជាមួយកុមារជនរងគ្រោះនោះ ក្រុមឧក្រិដ្ឋជនប្រើពេលមិនដល់មួយសប្តាហ៍ឡើយ [... ]។ ជាទូទៅទំនាក់ទំនងពួកគេជាមួយកុមាររងគ្រោះ គឺមិនលើសពី ១៨០ថ្ងៃឡើយ។

* ការថតវីដេអូអាសអាភាស (Live Streaming)៖ គឺការបញ្ចុះបញ្ចូលកុមារ ឬយុវជនឱ្យថតវីដេអូអាសអាភាស (វិដេអូបង្ហាញកេរ្តិ៍ភេទជនរងគ្រោះខ្លួនឯងផ្ទាល់) ឬមើលវីដេអូអាសអាភាសតាមអ៉ីនធើណិតដែលពួកគេបានរៀបចំទុក។ ពេលខ្លះឧក្រិដ្ឋជនអាចថតវីដេអូអាសអាភាសនៃខ្លួនពួកគេផ្ទាល់ រួចផ្ញើឱ្យជនរងគ្រោះ ដើម្បីទាក់ទាញទំនុកចិត្ត ឬដាស់អារម្មណ៍ផ្លូវភេទ។

ពួកគេអាចទទូចសុំដដែលៗថា ចង់មើលកន្លែងនេះកន្លែងនោះនៃរាងកាយជនរងគ្រោះ ដោយសន្យាមិនចែកចាយ ឬប្រាប់គេឯងជាដើម។ ពេលខ្លះ នៅពេលដែលកុមាររងគ្រោះលង់ស្រឡាញ់ហើយ ពួកគេគំរាមបែកគ្នា បើកុមាររងគ្រោះមិនព្រមថតកេរ្តិ៍ភេទបង្ហាញ។

បើផ្អែកតាមក្រុមហ៊ុនបច្ចេកវិទ្យា ណិតឃ្លីន (Netclean) ដែលផ្តល់សេវាប្រឆាំងនឹងការរំលោភបំពានផ្លូវភេទកុមារតាមអ៉ីនធើណិត បានបង្ហាញថា ឧក្រិដ្ឋជនដែលចូលចិត្តប្រព្រឹត្តការថតឡាយវីដេអូអាសអាភាសកុមារបែបនេះ ភាគច្រើនមកពីអាម៉េរិក និងអឺរ៉ុប ប៉ុន្តែក៏មានមួយចំនួនមកពីអាស៊ី ដូចជា ចិន ហ្វីលីពីន ផងដែរ [... ]។

* គំរាមហែកកេរ្តិ៍ (Blackmail)៖ ក្រោយពីបានរូបភាព ឬវីដេអូប្រដាប់ភេទ ឬកេរ្តិ៍ខ្មាសនៃកុមារជនរងគ្រោះហើយ ឧក្រិដ្ឋជនចាប់ផ្តើមណាត់ជួប ដើម្បីមានឱកាសរួមភេទដោយផ្ទាល់ជាមួយជនរងគ្រោះ។ ក្នុងករណីជនរងគ្រោះមិនព្រមមកជួប ឬមិនព្រមរួមភេទជាមួយខ្លួន គេនឹងគំរាមហែកកេរ្តិ៍ តាមរយៈការយករូបភាពអាក្រាត ឬវីដេអូអាសអាភាសរបស់កុមាររងគ្រោះទៅបង្ហោះក្នុងបណ្តាញសង្គម ឬគេហទំព័រនានា។

ក្នុងតំណាក់កាលនេះ ទោះបីកុមាររងគ្រោះយល់ព្រមរួមភេទជាមួយក៏ដោយ ក៏ឧក្រិដ្ឋជននឹងរៀបគម្រោងបន្តទៀត ដូចជាការគំរាមទារលុយកាក់ ទាររបស់របរផ្សេងៗ ឬរហូតឈានដល់បង្ខំឱ្យទៅរួមភេទជាមួយដៃគូផ្សេងទៀត (ជួញដូរផ្លូវភេទ) ជាថ្នូរនឹងការមិនយករូបភាព ឬវីដេអូទៅផ្សព្វផ្សាយជាដើម។

ក្រៅតែពីការអនុវត្តវិធានការច្បាប់ជាធរមាន អង្គការយូនីសេហ្វបានផ្តល់ជាដំបូន្មានខ្លះៗជូនអាណាព្យាបាល ដើម្បីធានាសុវត្ថិភាពជូនកុមារ ឬយុវជន នៅពេលប្រើប្រាស់អ៊ីនធើណិត ដូចខាងក្រោម៖
* ត្រួតពិនិត្យមើលប្រព័ន្ធការពារឯកជនភាពលើឧបករណ៍ដែលកូនប្រើប្រាស់ (privacy setting)
* ណែនាំកូនអំពីសុវត្ថិភាព និងហានិភ័យនៃការប្រើប្រាស់អ៊ីនធើណិត (internet risks)
* បិទ ឬលប់ចោលមនុស្សចម្លែក ដែលព្យាយាមទាក់ទងមកកូន (block)
* ស្វែងយល់បញ្ហានានាដែលកុមារ តែងតែជួបប្រទះ ពេលប្រើអ៉ីនធើណិត (surfing internet)
* ណែនាំពីលេខ ឬប្រព័ន្ធទំនាក់ទំនងពេលមានករណីសង្ស័យទាក់ទងនឹងការបំពារបំពានផ្លូវភេទ។ ឧទាហរណ៍ រាយការណ៍ទៅ Aple ដើម្បីបញ្ចប់ទង្វើកេងប្រវ័ញ្ច និងបោកប្រាស់នេះ តាមទូរស័ព្ទលេខ ០៩២ ៣១១ ៥១១ ឬរាយការណ៍តាមប្រព័ន្ធអនឡាញ www.internethotlinecambodia.org

អត្ថបទដោយ៖
- លោក យ៉េន យ៉ាត អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត (Postdoc) ពីសាកលវិទ្យាល័យប៉េកាំង (Peking University) ប្រទេសចិន និងជាគ្រូនៅសាកលវិទ្យាល័យធនធានមនុស្ស។
- លោកឧត្តមសេនីយ៍ឯក ឆឹង បុត្រ នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល
នៃបណ្ឌិត្យសភានគរបាលកម្ពុជា។