(ឧត្ដរមានជ័យ)៖ ក្រុមហ៊ុន ផែរស្ងួត តែ ម៉េង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនអាជ្ញាធរខេត្តឧត្តរមានជ័យ ក្នុងទិសដៅចូលរួមចំណែកការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ជំនួសមុខឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ និងប្រជាពលរដ្ឋទូទាំង ខេត្តឧត្តរមានជ័យទាំងមូល សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកនៃក្រុមហ៊ុនផែស្ងួត តែ ម៉េង ដែលបានផ្តល់អំណោយជូនរដ្ឋបាលខេត្តនាពេលនេះ។
លោក ប៉ែន កុសល្យ បានថ្លែងលើកឡើងយ៉ាងដូច្នេះទៀតថា ការជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត គឺដូចជាបានជួយទ្រទ្រង់ចំពោះសុខភាពប្រជាពលរដ្ឋទូទាំងខេត្ត ជាងនេះទៅទៀតហាក់បីដូចជាបានជួយសម្រួល បន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រយុទ្ធប្រឆាំង និងជំងឺកាចសាហាវកូវីដ១៩ ដែលកំពុងរាតត្បាតលើសកលលោក ពិសេសបាននឹងកំពុងឆ្លងរាតត្បាតចូលក្នុងសហគមន៍យើងចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក។
សូមបញ្ជាក់ថា អំណោយរបស់ក្រុមហ៊ុនផែស្ងួត តែ ម៉េង ដែលនាំមកចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅពេលនេះ រួមមាន៖ អង្ករចំនួន៥០០០ គីឡូក្រាម, ទឹកត្រី៥០ យួរ, ទឹកស៊ីអ៉ីវ៥០ យួរ, ត្រីខ៣០ កេស, ទឹកសុទ្ធ២០០ យួរ, និងថវិកាចំនួន១០.០០០.០០០ រៀលផងដែរ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននិងក្រុមហ៊ុន សហគ្រាស ផ្សេងៗទៀត ដែលមានបំណងឧបត្ថម្ភសម្ភារ និងថវិកាចូលរួមចំណែកជាមួយរដ្ឋបាលខេត្តដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ លោកនឹងរង់ចាំទទួលស្វាគមន៍ជានិច្ច៕