(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ពង្រឹងអនុវត្តសេចក្ដីសម្រេចលេខ ៤៤.សសរ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត។
លោក ជាវ តាយ បានលើកឡើងថា បើទោះបីរយៈពេលកន្លងមក ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈពិសេសការងារប្រយុទ្ធប្រឆាំង និងការបង្កា ទប់ស្កាត់ជំងឺ១៩ ក្នុងខេត្តមានលក្ខណៈល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្ដី ប៉ុន្តែពេលនេះគឺជាការងារចាំបាច់បន្ទាន់ និងមាន សារៈសំខាន់ក្នុងការដាក់ចេញជាវិធានការថ្មីបន្ថែមទៀត របស់រដ្ឋបាលខេត្តដើម្បីអនុវត្តឲ្យសម្រេចជោគជ័យ និងមានប្រសិទ្ធភាព។
លោក ជាវ តាយ បន្តថា រាល់ការទទួលបាននូវសេចក្ដីណែនាំ និងបទបញ្ជាថ្មីៗជាបន្តបន្ទាប់ចំពោះមុខ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងរាល់ខ្លឹម សារលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃវិធានការណែនាំ ឲ្យរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានក្រុង ស្រុក កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់សហការគ្នាអនុវត្តឲ្យបានល្អ។
ពិសេសការអនុវត្តសេចក្ដីសម្រេចលេខ ៤៤.សសរ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន រយៈពេលពីរសប្តាហ៍ ដែលចាប់អនុវត្តគិតពីម៉ោងសូន្យថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
លោកអភិបាលខេត្ត ក៏បានណែនាំ និងស្នើឲ្យអាជ្ញាធរក្រុង ស្រុក អង្គភាពកងកម្លាំង និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់បន្តបង្កើនការយកចិត្តទុកដាក់ ពង្រឹងការអនុវត្តឱ្យ មានប្រសិទ្ធភាព រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញជាបន្តបន្ទាប់ថ្មីៗនេះ ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ឲ្យទទួលបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពបន្ថែមទៀត ពិសេសការអនុវត្តនូវសេចក្តីសម្រេចលេខ ៤៤.សសរ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីរួមសហការគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការងារពង្រឹងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតចូលមកដល់ខាងមុខនេះ៕