(បាត់ដំបង)៖ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៧៥គ្រួសារ រស់នៅក្នុងឃុំចំនួន៤ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីសម្រួលដល់ការលំបាកមួយគ្រា។
ពិធីប្រគល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង, លោក ងួន រតនៈ អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី រួមជាមួយថ្នាក់ដឹកនាំ-អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោក ងួន រតន បានពាំនាំប្រសាសន៍ របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងក្តីអាណិតអាសូរជាពិសេសក្តីព្រួយបារម្ភ ចំពោះជីវភាពប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈមទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិដែលកើតឡើងដោយមិនអាចស្មានបាន។
លោក ងួន រតនៈ បានឱ្យដឹងថា ហេតុដូចនេះ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយនាំយកនូវគ្រឿងបរិភោគ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួនដើម្បីជួយសម្រាលការលំបាកទៅតាមស្ថានភាព រង គ្រោះជាក់ស្តែងរបស់គ្រួសាររងគ្រោះធ្ងន់-ស្រាលនីមួយៗ ព្រមទាំងបានពាំនាំនូវសារអំពាវនាវឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈការតាមដានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការត្រៀមបង្ការផ្សេងៗទៀត។
លោក ងួន រតន បានបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែជួយសម្រាលការ លំបាកដល់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងខេត្តទៅតាមលទ្ធភាព។ ទន្ទឹមនឹងនេះអនុប្រធានកិត្តិយសបានថ្លែងអំណរគុណ ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ដល់សាខាកាកបាទក្រហមកម្ពុជា ទោះបីជាកាកបាទក្រហមកម្ពុជា បានផ្អាកការប្រារព្ធទិវា ៨ ឧសភា ឆ្នាំ២០២១នេះ ដោយសារតែស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ។
ជាមួយគ្នានេះ លោកអនុប្រធានកិត្តិយសសាខាបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្ត ចូលរួម អនុវត្ត តាមការ អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ការរីករាលដាល់ក្នុងសហគមន៍នៃការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែង ឬក្រមា ឬក្រដាស ជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ជាពិសេសជាមួយគ្នានេះដែលក្រុមការងារសាខាបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ «៣កុំ និង៣ការពារ»។
ទន្ទឹមនឹងនេះ លោកសូមក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជារៀងរាល់ថ្ងៃ និងត្រូវរួមគ្នាថែរក្សាសន្តិភាព និងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២១នេះ សាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបង បានផ្តល់អំណោយដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះសរុបចំនួន ៣០លើកស្មើ១៩០គ្រួសារ ក្នុងនោះរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៣លើក ស្មើ៥៥គ្រួសារ។ ដោយឡែកកាលពីថ្ងៃទី៤-៥ខែមេសា ឆ្នាំ២០២១ នេះខេត្តបាត់ដំបង បានរងគ្រោះដោយខ្យល់កន្រ្តាក់២លើក ប៉ះពាល់ក្នុងឃុំសង្កាត់ចំនួន១៦ លើក៤៤ភូមិ ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៩១ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ចំនួន៣៥ខ្នង រងគ្រោះមធ្យមចំនួន ៧៦ខ្នង និងរងគ្រោះស្រាលចំនួន ៨០ខ្នង ព្រមទាំងរន្ទះបាញ់ស្លាប់មនុស្ស២នាក់ និងងាប់គោចំនួន ២ក្បាលផងដែរ។
ក្នុងមួយគ្រួសារៗទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធចំណុះ២០លីត្រ ១ធុង និងឃីត១ (មុង ក្រមា ) ដូចៗគ្នា។ ដោយឡែកគ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុងទទួលបានថវិកា ៥ម៉ឺនរៀល ចំពោះគ្រួសាររងគ្រោះដោយប៉ើងដំបូលមធ្យមទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕