(កង់បេរ៉ា)៖ អតីតរដ្ឋមន្ត្រីការបរទេស អូស្ត្រាលីលោក បុប ខារ (Bob Carr) បានច្រានចោលចំពោះការស្នើសុំណា មួយឲ្យអូស្ត្រាលី ចូលរួមបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីល ជាមួយនឹងសហរដ្ឋអាមេរិកនោះទេ ព្រោះនេះជារឿងដែលមិនអាចទៅរួច និង បង្ហាញពីការល្មោភសង្គ្រាម។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០១៦។

ប្រទេសអូស្ត្រាលី បានទទួលសំណើមួយពីអាមេរិក ឲ្យចូលរួមក្នុងយុទ្ធនាការ «សេរីភាពនៃការធ្វើនាវាចរណ៍» នៅក្នុងដែនសមុទ្រ ចិនខាងត្បូង ដែលទង្វើនេះត្រូវបានលោក ខារ ដែលជាសមាជិកបក្សប្រឆាំងរបស់អូស្ត្រាលី និង ជាអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានហៅថា ជាទង្វើដែលនឹងបញ្ឆេះភាពតានតឹងឲ្យកាន់តែខ្លាំងឡើង នៅសមុទ្រចចិនខាងត្បូង។

គួរបញ្ជាក់ថា អ្នកនយោបាយអូស្ត្រាលី ភាគច្រើនមកពីបក្សប្រឆាំង បានអំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលីគិតគូ ខ្លាំងបំផុតពីទំនាក់ទំនង ជាមួយចិន ហើយមិនត្រូវចូលរួមជាមួយអាមេរិក ក្នុងការបង្កើនជម្លោះ នៅក្នុងដែនសមុទ្រ ចិនខាងត្បូង ដែលអូស្ត្រាលីមិនមែន ជាភាគីពាក់ព័ន្ធបន្តិចសោះ នោះឡើយ៕