(កំពត)៖ នៅម៉ោង៨ព្រឹក ថ្ងែទី៥ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចុះបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ SOS ភូមិកុមារកំពត ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

លោក ស៊ឹម វុទ្ធា នាយករដ្ឋបាលសាលាខេត្តកំពត ពិធីសម្ភោធនេះ នឹងមានមនុស្សចូលរួម ជាង៤០០០នាក់។

កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក SIDDHARTHA KAUL ប្រធានអង្គការ SOS-KDI  និងគណៈប្រតិភូអង្គការ ដែលមករួមប្រជុំគ្នានៅកម្ពុជា នាវិមានសន្តិភាព។

នៅក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋកម្ពុជា និងសមាគមអង្គការ ក្រៅរដ្ឋាភិបាលទាំងអស់ ដែលទទួលយកកុមារកំព្រា យកទៅចញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការសិក្សាអប់រំដល់ពួកគេនាសព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមសមាជិកអង្គការ SOS មានសេចក្តីរីករាយ និងមានមោទនាភាពចំពោះអង្គការ SOS ដែលបានជួយកុមារកំព្រាកម្ពុជា ឱ្យមានឱកាសដូចកុមារដទៃៗទៀត នៅក្នុងប្រទេស៕