(​ប៉ារីស​)៖ រដ្ឋាភិបាល​បារាំង និង​អង់គ្លេស នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ គ្រោង​នឹង​ធ្វើ​ការប្រកាស​នូវ​គម្រោង​មួយ ដែល​មាន​តម្លៃ ១,៥​ពាន់​លាន​ផោន ស្មើ​នឹង​ប្រមាណ ២,១២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​បង្កើត​នូវ​ប្រភេទ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជំនាន់​ថ្មី ស្របពេល​ដែល​ប្រទេស​ទាំង​ពីរ ប្រឹងប្រែង​ក្នុង​ការបង្កើន​ទំនាក់ទំនង​ផ្នែក​សន្តិសុខ និង​យោធា ខណៈ​កំពុង​មាន​បញ្ហា​ជម្លោះ​កើតឡើង នៅក្នុង​ប្រទេស​ស៊ី​រី និង​លី​ប៊ី នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចុះផ្សាយ​នៅ​យប់​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។​

​ប្រធានាធិបតី​បារាំង លោក Francois Hollande និង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក David Cameron បាន​ធ្វើ​ជំនួប​គ្នា​នៅ​ភាគ​ខាងជើង​ប្រទេស​បារាំង ដោយ​វា​ជា​ផ្នែក​មួយ នៃ​កិច្ចប្រជុំ​កំពូល​ប្រចាំឆមាស ហើយក៏​ជា​ការ​រំលឹក​ខួប​១០០​ឆ្នាំ នៅ​ចុងឆ្នាំ​នេះ នៃ​ការប្រយុទ្ធ​គ្នា​ជា​លើកដំបូង រវាង​កងកម្លាំង​បារាំង និង​អង់គ្លេស ក្នុង​សង្គ្រាមលោក​លើក​ទី​មួយ ដែល​បាន​បណ្តាល​ឲ្យ ទាហាន​អង់គ្លេស និង​បារាំង ៦០០,០០០​នាក់​ស្លាប់​។​

​បារាំង និង​អង់គ្លេស ជា​សមាជិក​អចិន្ត្រៃនៃ​ក្រុមប្រឹក្សាអង្គ​ការសហ​ប្រជាជាតិ បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការវាយប្រហារ តាម​ដែនអាកាស លើ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​។ លោក Hollande និង​លោក Cameron គឺជា​អ្នកគាំទ្រ​ផងដែរ នៃ​បក្ស​ប្រឆាំង​ស៊ី​រី ដោយ​ពួកគេ​បាន​ចេញ​នូវ​ការស្នើ​ថ្មី​មួយ ទៅ​កងកម្លាំង​របស់​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad និង​សម្ព័ន្ធមិត្ត រួម​ទាំង​រុស្ស៊ី​ផងដែរ ក្នុង​ការបញ្ឈប់​ការវាយប្រហារ លើ​គោលដៅ​កងកម្លាំង​ក្រុម​ឧទ្ទាម ថ្វី​ត្បិត​មាន​បទ​ឈប់​បាញ់​ថ្មី និង​អនុញ្ញាតិឲ្យ​មាន ការបញ្ជូន​ជំនួយ​បន្ថែម ចូល​ទៅ​កាន់​តំបន់​ឡោម​ព័ន្ធ​។
​ចក្រភព​អង់គ្លេស និង​បារាំង ក៏​មាន​កងកម្លាំង​ពិសេស កំពុង​ប្រតិបត្តិ​ការប្រឆាំង ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម នៅក្នុង​ប្រទេស​លី​ប៊ី​ផងដែរ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ ដើម្បី​បង្រួបបង្រួម​ទាំង​រដ្ឋាភិបាល និង​ធ្វើឲ្យ​មាន​ការ​អន់ថយ នៃ​ក្រុម​ឧទ្ទាម​ដែល​តាំងទី​នៅ​ទីនោះ​៕