(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃសុក្រនេះ បានប្រាប់ឱ្យសមត្ថកិច្ចចរាចរទាំងអស់ កុំឱ្យដាក់កុងត្រូលធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច នៅពេលដែលអនុវត្តច្បាប់​ចរាចរណ៍ នៅតាមដងផ្លូវនានា នៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើង ខណៈដែលសមត្ថកិច្ចនឹងចាប់ផ្តើមត្រួតពិនិត្យ និងផាកពិន័យលើឯកសារ​យានយន្ត​ឡើងវិញ​ទៅតាមច្បាប់ចរាចណ៍​ផ្លូវគោកថ្មី ចាប់ពីពាក់​កណ្តាលខែមីនានេះតទៅ។ ក្នុងនោះមានទាំងការត្រួតពិនិត្យបណ្ណបើកបរ និងឯកសារផ្សេងៗផងដែរ។

នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ដើម្បីសុវត្ថិភាពសូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ ៣ និងនៅទូទាំងប្រទេសគោរព ច្បាប់ចរាចរណ៌ទាំងអស់គ្នា។ ទន្ទឹមនឹងនេះសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍មិនថាតែនៅលើកំណាត់ផ្លូវជាតិលេខ ៣ ប៉ុណ្ណោះទេ គឺត្រូវ​ពន្យល់ឱ្យ​ពលរដ្ឋបាន​យល់ដឹងនូវ​កំហុសបំពាន ច្បាប់ចរាចរណ៌ ដោយមានការផាកពិន័យ​ឱ្យបានត្រឹមត្រូវ»

សម្តេចបានបន្ថែមទៀតថា «មិនត្រូវដាក់កុងត្រូលធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច យល់ខុសឬកាន់តែបង្កគ្រោះថ្នាក់ផ្សេងៗពេលបង្ខំចាប់ម៉ូតូ ឬឡានដើម្បីឱ្យបង់ពិន័យ។ ឆ្លងកាត់ការត្រួត​ពិនិត្យ​​ទាំងពីរកន្លែង​មកនេះ យើងសង្កេតឃើញថាជាទ្រង់ទ្រាយចម្លែកដែលមន្រ្តី​អនុវត្តត្រូវរៀប​ចំអនុវត្ត​ឱ្យបានល្អត្រឹមត្រូវ ចៀសវាងការយល់ច្រឡំពីប្រពលរដ្ឋ»

ច្បាប់ចរាចរណ៍ថ្មី ដែលធ្វើបានធ្វើវិសោធនកម្មឡើងវិញ កាលពីឆ្នាំមុន មានលក្ខណៈតឹងរឹង ហើយតម្រូវឱ្យអ្នកបើកបរយានយន្តទាំងអស់ និងអ្នកជិះម៉ូតូដែលមានកម្លាំងលើសពី ១២៥CC ត្រូវមាន​បណ្ណបើកបរ។ ជាមួយគ្នានេះ ក៏តម្រូវឱ្យអ្នកបើកបរយកឯកសារយានយន្តទៅតាមខ្លួនផងដែរ។ ច្បាប់នេះត្រូវបានបង្កើតឡើងក្នុងគោលដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ​នៅក្នុងប្រទេសកម្ពុជា៕