(សៀមរាប)៖ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ពិធីប្រកាសចូលកាន់តំណែង អិបាលរងខេត្តសៀមរាប ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយលោក លី សំរិទ្ធ នាយករដ្ឋបាល ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ស៊ិន រុន អភិបាលរងខេត្ត ដែលបានចូលនិវត្តន៍។

ក្នុងឱកាសនោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលរួមផ្តល់អនុសាសន៍មួយចំនួន សម្រាប់អភិបាលរងខេត្ត ដែលទើបនឹងឡើងកាន់មុខតំណែងថ្មី ដើម្បីអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការអនុវត្ត ការផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋ៕