(កណ្ដាល)៖ អភិបាលខេត្តកណ្តាល សម្រេចបិទផ្សារគគីរ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោយរកឃើញអាជីវករ៧នាក់កើតជំងឺកូវីដ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក គង់ សោភ័ណ អភិបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករមួយចំនួននៅផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ បានឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ដែលស្ថានភាពនេះអាចរីករាលដាលជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលខេត្តកណ្តាល សូមផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ចាប់គិតពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជនដទៃទៀត ក៏ដូចប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។

ក្នុងអំឡុងពេល នៃការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរនេះ រដ្ឋបាលខេត្តកណ្តាល ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ មិនឲ្យមានការបាត់បង់ និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវា ទៅឲ្យភាគីពាក់ព័ន្ធណាមួយឡើយ។

ដោយឡែកចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូនអាជីវករមេត្តាទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានចេញសេចក្ដីជូនដំណឹងមួយផ្សេងទៀត បង្ហាញពីឈ្មោះអ្នកកើតជំងឺកូវីដ១០ និងទីតាំងដែលអ្នកជំងឺនោះបានទៅដល់ផងដែរ៕