(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ក្នុងនាមសមាជិក គណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានជួបសន្ទនាតាមវីដេអូជាមួយ លោក សុង ថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ដចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងស្ថាប័នទាំងពីរ។

សេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចសន្ទនានេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា លោក ប្រាក់ សុខុន និងលោក សុង ថាវ បានធ្វើគារវកិច្ចគ្នាទៅវិញទៅមក និងបានពាំនាំនូវ ប្រសាសន៍សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំទៅវិញទៅមកចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក ស៊ី ជីនភីង ក្នុងឋានៈជាថ្នាក់ដឹកនាំគណបក្សទាំងពីរ។

ភាគីកម្ពុជាបានចូលរួមអបអរសាទរខួបគម្រប់ ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្ដចិន (១៩២១- ២០២១) និងសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងជាច្រើន ដែលបក្សកុម្មុយនីស្ដចិន សម្រេចបានជូនប្រទេសជាតិ និងប្រជាជន ក្នុងរយៈពេល ១ សតវត្សរ៍កន្លងទៅនេះ។ ជាពិសេសការសម្រេចបានដោយ ជោគជ័យនូវគោលដៅ ១០០ឆ្នាំទី១ របស់ខ្លួន គឺការកសាងប្រទេសចិនឱ្យទៅជាប្រទេសមានវិបុលភាពមធ្យម គ្រប់វិស័យ និងការលុបបំបាត់បានទាំងស្រុងនូវភាពទីទាល់ក្រ (extreme_poverty) មុនកាលកំណត់ នៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ភាគីចិនក៏បានអបអរសាទរខួបគម្រប់ ៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។

ភាគីទាំងពីរក៏បានសម្តែងនូវការពេញចិត្ត ដោយបានកត់សម្គាល់នូវការរីកចម្រើនជាលំដាប់ និង ប្រកបដោយផ្លែផ្កានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលស្តែងចេញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ ការពារជាតិ វប្បធម៌ ការអប់រំ សុខាភិបាល និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរ ចំពោះបក្សកុម្មុយនីស្ដ និងរដ្ឋាភិបាលចិន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោក ស៊ី ជិនពីង ដែលបានគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសយ៉ាងមានប្រសិទ្ធភាព ផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ដោយជោគជ័យ។

ភាគីកម្ពុជាក៏បានថ្លែងអំណរគុណដល់បក្សកុម្មុយនីស្ដ និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការបញ្ជូនអ្នកឯកទេសវេជ្ជសាស្ត្រ ការផ្ដល់ បរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

គណបក្សទាំងពីរ ដែលដឹកនាំរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន បានប្រកាសពីជំហរប្រឹងប្រែងរួមគ្នា ដើម្បីព្យាបាលប្រជាជនចិននៅកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជានៅប្រទេសចិន ដើម្បីឱ្យឆ្លងផុតពីជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ គំនិតផ្ដួចផ្តើម ខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន មេគង្គ-ឡានឆាង និង RCEP ផងដែរ។ ភាគីទាំងពីរក៏បាន ជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោក ប្រាក់ សុខុន បានអញ្ជើញ លោក សុង ថាវ មកបំពេញ ទស្សនកិច្ចនៅកម្ពុជា ទន្ទឹមនេះ លោក សុង ថាវ ក៏បានអញ្ជើញលោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅចិន នៅពេលវេលាសមស្របផងដែរ៕