(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៦ ខេមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញបុរសម្នាក់ កើតជំងឺកូវីដ១៩ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាសន្ដិសុខនៅស្ថានីយប្រេងឥន្ធនៈ PTT នៅផ្លូវលេខ៤១ ថ្នល់ទទឹង និងជាអ្នករត់ម៉ូតូឌុប ហើយបានស្លាប់ពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានបង្ហាញអំពីប្រវត្តិមួយចំនួនរបស់អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិតម្នាក់នេះផងដែរ រួមមាន៖
* នៅថ្ងៃទី៩-១១ ខែមេសា ឆ្នាំ២០២១ និងមានអាការៈវិលមុខ រាគក្អក ហត់ ឈឺក ក្ដៅខ្លួន និងបានទៅព្យាបាលនៅផ្ទះឱសថស្ថានរង «ខ» ព្រំ ថូ ភូមិត្រពាំងអំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (នៅខាងកើតផ្សារថ្នល់ទទឹង)
* នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានហៅពេទ្យឈ្មោះ ផេង នី បើកបន្ទប់ពិគ្រោះព្យាបាលជំងឺ ហៃ សុខម៉ិន ធ្វើការនៅមណ្ឌលសុខភាពដំណាក់អំពិល មើលនៅផ្ទះដោយបានព្យួរសេរ៉ូម និងចាក់ថ្នាំ រួចមកពេទ្យបានណែនាំប្រាប់ថា គួរឲ្យទៅភ្នំពេញ
* នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ចេញទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរ នៃរដ្ឋបាលខេត្តកណ្ដាលធ្វើការផ្អាកជាបណ្ដោះអាសន្ននូវទីតាំងដូចបញ្ជាក់ខាងលើ។ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវប្រជាពលរដ្ឋ ពិសេសអ្នកដែលបានស្គាល់ និងពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលទាំងអស់ត្រូវទៅយកសំណាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពដែលនៅជិតលំនៅឋាន និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ៕