(ភ្នំពេញ)៖ ការមរណភាពរបស់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាបុគ្គលឆ្នើមជើងចាស់មួយរូប ក្នុងវិស័យសិល្បៈទី៧ បានធ្វើឲ្យមនុស្សមិនតិចនាក់នោះទេ មានការសោកស្តាយជាពន់ពេក ព្រោះលោក គឺជាចាស់ព្រឹទ្ធាចារ្យមួយរូប ដែលសិល្បករគ្រប់រូប នាសម័យបច្ចុប្បន្នគោរព និងកោតសរសើរ ជាពិសេសពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។
សម្រាប់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការប្រវត្តិសាស្ត្រ និងអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ក៏បានបង្ហាញអារម្មណ៍យ៉ាងសោកសង្រេង និងសោកស្តាយយ៉ាងខ្លាំង ដោយសារនាយឧត្តមសេនីយ៍ ធ្លាប់បានចូលរួមធ្វើកិច្ចការងារជា ច្រើនជាមួយលោក អាយុទ្ធ ជាពិសេសនោះ គឺកិច្ចការជាប្រវត្តិសាស្រ្តមួយទៀតដែលប្រគល់ជូនដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការថតខ្សែភាពយន្តមួយរឿងទៀតមានឈ្មោះថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី»។
ថ្លែងប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាទីប្រឹក្សានៅក្នុងគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺ ព្រះចន្ទពេញបរមី» បានលើកឡើងកិច្ចការជាច្រើន និងការពិភាក្សាពិគ្រោះយោបល់់ជាមួយលោក ម៉ៅ អាយុទ្ធ ជាច្រើន ដោយបានទទួលបានបទពិសោធន៍ ចំណេះដឹង និងជំនាញបន្ថែមលើកការថតខ្សែភាពយន្ត។
នាយឧត្តមសេនីយ៍បានលើកឡើង និងចងចាំមួយពាក្យមួយឃ្លារបស់គាត់ថា «ពួកយើងមានកិត្តិយសដោយបានទទួលការទុកចិត្ត និងការប្រគល់ភារកិច្ចជាប្រវត្តិសាស្ត្រពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរៀបចំថតខ្សែភាព យន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី»។
ថ្លែងបញ្ជាក់បន្ថែមថា នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងយ៉ាងដូច្នេះថា ដោយក្តីរំជួល និងសោកស្តាយពន់ប្រមាណចំពោះការបាត់បង់មនុស្សម្នាក់សក្តិសមនឹងកេរ្តិ៍ឈ្មោះកិត្តិនាម និងស្នាដៃដែលទទួលបានក្នុងសង្គម និងឆាកអន្តរជាតិថែមទៀតផង។
ក្នុងការរួមប្រាស្រ័យការងារ មានការពិភាក្សាពិគ្រោះយោបល់ក្នុងការលើកឡើងនូវបទពិសោធន៍មួយចំនួន ដែលខ្ញុំហាក់ដូចជាបានស្គាល់ក្នុងពេលដ៏យូរមកហើយ។ ឯកឧត្តមគឺជាមនុស្សម្នាក់ដែលមានការទទួលខុសត្រូវខ្ពស់ក្នុងអាជីព និងជំនាញ ជាមនុស្សម្នាក់ដែលធ្វើការមិនគិតពេលវេលាយប់ថ្ងៃ ហើយត្បុលចូលជ្រៅទៅក្នុងកិច្ចការដែលទទួលធ្វើ និងបំពេញ។ ជាមនុស្សម្នាក់ដែលធ្វើការទទួលយកការរួមប្រាស្រ័យពីគ្រប់មជ្ឈដ្ឋាន ការស្រង់យោបល់ និងការលើកកម្ពស់តម្លៃនៃការរួមចំណែកពីគ្រប់គ្នា។
ក្នុងរយៈពេលដ៏ខ្លីចុងក្រោយបំផុតនេះ ឯកឧត្តមបានប្រើពាក្យមួយឃ្លាច្រើនដងដែលខ្ញុំនៅចងចាំ សម្រាប់ខ្ញុំពិតជាគ្មានជំនាញ និងពិសោធន៍ក្នុងខ្សែភាពយន្តនេះទាល់តែសោះ ប៉ុន្តែឯកឧត្តម ដែលជាប្រធានគណៈកម្មការ បានផ្តល់នូវគុណតម្លៃដ៏ធំ ដោយបានខិតខំព្យាយាមធ្វើការទាំងយប់ទាំងថ្ងៃ ឆ្ងាយជិត។
ការជួបគ្នាចុងក្រោយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយមិននឹកស្មានថា នោះគឺជាការជួបចុងក្រោយ ក្នុងការពិភាក្សាស្តីពីសេណារីយ៉ូ ឈុតឆាក ខ្សែភាពយន្តដែលបានទទួលការកែ ការផ្តល់ និងការសរសេរដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីផ្ទាល់។
ឯកឧត្តមបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយបំផុត ដែលបានរៀបចំកន្លែងសម្រាប់ធ្វើកិច្ចការនេះតាម Video Conference នៅនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ ទល់មុខវត្តកៀនឃ្លាំង ផ្លូវលេខ 6A។ មកទល់ថ្ងៃនេះ មិនដល់រយៈពេល ១ខែនៅឡើយទេ គឺជារឿងពិតជាក់ស្តែង១ ដែលពិបាកជឿជាក់បាន ឬក៏ធ្វើយ៉ាងណាថាឱ្យត្រូវ ព្រោះនៅស្រស់ពេក ដែលសូម្បីតែការគិតត្រផមក៏មិនអាចទប់បាន។
មានតែពាក្យថាយើងបានបាត់បង់ធនធានមនុស្សដ៏វិសេសវិសាលលើថ្នាលវប្បធម៌សិល្បៈ និងព័ត៌មាន ពិសេសអ្នកមានឆន្ទៈមុះមុត ស្មោះត្រង់ ដែលធ្វើការរហូតដង្ហើមចុងក្រោយ។ ខ្ញុំសូមលើកដៃប្រណម្យ និងឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក រួមទាំងទេវតាទាំងឡាយដែលមាន សូមជួយថែរក្សាវិញ្ញាណក្ខន្ធ និងដួងព្រលឹងរបស់ឯកឧត្តមក្នុងទីឋានសុខក្សេមក្សាន្តដ៏ស្កឹមស្កៃ ស្ងប់ស្ងៀមក្នុងសុគតិភពកុំបីអាក់ខាន។
សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
កាលពីដើមខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី»។
រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។
សម្រាប់គណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី មានសមាសភាព ១៤រូប ដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយក្នុងគណៈកម្មការនេះមានអនុគណៈកម្មការមួយចំនួនទៀតផងដែរ៕