(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីបញ្ជាក់បន្ថែម អំពីប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលអាចស្នើសុំបុគ្គលិកចាំបាច់បំផុត ដើម្បីប្រចាំការ និងអំពីឯកសារតម្រូវក្នុងពេលធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម។
បើតាមសេចក្តីបញ្ជាក់បន្ថែម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា យោងសេចក្តីសម្រេចលេខ ៤៩ សសរ របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ០៤២/២១ កប/សសរ.ខល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ដីពីប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្មដែលត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ននូវភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
ដោយក្នុងនោះក្រសួងសូមបញ្ជាក់បន្ថែមដល់លោក លោកស្រីជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្មថា មានតែរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមានកម្មករនិយោជិតលើសពី៣០០នាក់ ក្នុង ១ទីតាំង ហើយមានតម្រូវការចាំបាច់ឱ្យមានបុគ្គលិកថែទាំវត្ថុធាតុដើម និងសន្និធិផលិតផលប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានបុគ្គលិកចាំបាច់មិនលើសចំនួន២៥នាក់ ធ្វើការនៅលើទីតាំងផលិតកម្មរបស់ខ្លួន។ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មទូទៅ គឺមិនអនុញ្ញាតឱ្យមានបុគ្គលិកធ្វើការនៅលើទីតាំងឡើយ ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ។
ក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម សូមលោក លោកស្រីជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម ទាំង១១ប្រភេទ ដែលត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ផ្តល់ឯកសារបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ដល់បុគ្គលិករបស់ខ្លួន និងណែនាំដល់បុគ្គលិករបស់ខ្លួនឱ្យយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់ខ្លួនតាមខ្លួនជានិច្ច ដើម្បីបង្ហាញជូនសមត្ថកិច្ចនៅពេលធ្វើដំណើរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាលនឹងបន្តផ្តល់ «លិខិតអនុញ្ញាតចេញ-ចូល» ទៅតាមសំណូមពរ និងតម្រូវការជាក់ស្តែងដល់តំណាងរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ននៅរៀងរាល់ម៉ោងធ្វើការ។
ក្រសួងសូមអំពាវនាវដល់គ្រប់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់មេត្តាអត់ធ្មត់ និងចូលរួមអនុវត្តវិធានការបិទខ្ទប់នេះ ឱ្យបានល្អដើម្បីយើងឆាប់កាត់ផ្តាច់ឬសគល់នៃព្រឹត្តិការណ៍ឆ្លង «សហគមន៍ ២០កុម្ភៈ» និងវិលត្រឡប់មករកភាពប្រក្រតីកម្មនៃគ្រប់សកម្មភាពអាជីវកម្មវិញ៕