(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group បានលើកឡើងថា ការកែសម្រួលច្បាប់វិនិយោគថ្មី ជារឿងល្អសម្រាប់ ឲ្យប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរ មកធ្វើការវិនិយោគបន្ថែម។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា សៀ ឫទ្ធី អញ្ជើញចូលរួម ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លើប្រធានបទ «ឱកាសវិនិយោគ លើវិស័យអចលនទ្រព្យ នៅកម្ពុជា ក្នុងបរិបទនៃវិបត្តិកូវីដ១៩»។
អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ការកែសម្រួលច្បាប់វិនិយោគថ្មី ជារឿងល្អសម្រាប់ឲ្យកម្ពុជា ទាក់ទាញភ្ញៀវទេសចរ ឲ្យចាប់អារម្មណ៍កាន់តែខ្លាំងជាងមុន និងមានការវិនិយោគ កាន់តែច្រើនផងដែរ»។
អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់ឲ្យដឹងថា ច្បាប់វិនិយោគ គឺកម្ពុជា មានយូរមកហើយ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល បានធ្វើការកែសម្រួល ដើម្បីឲ្យមានភាពល្អប្រសើរជាមុន ពីព្រោះធម្មតា ជាទូទៅច្បាប់វិនិយោគ គឺត្រូវតែមានការកែសម្រួល ទៅតាមពេលវេលា និងកាលៈទេសៈ។
អ្នកឧកញ៉ា បានឲ្យដឹងថា បច្ចុប្បន្នក្រោយការដឹកនាំ ដោយសម្ដេចតេជោ លោកក៏បានចង្អុលបង្ហាញ ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការធ្វើការកែសម្រួលទៅលើច្បាប់វិនិយោគថ្មី ដើម្បីឲ្យមានភាពងាយស្រួល និងមានភាពទាក់ទាញថែមទៀត ទៅលើអ្នកវិនិយោគក្រៅប្រទេស ដូច្នេះការកែសម្រួលច្បាប់វិនិយោគថ្មី លោកគិតថា ជារឿងល្អសម្រាប់ឲ្យកម្ពុជា ទាក់ទាញភ្ញៀវទេសចរមកវិនិយោគផងដែរ។
លើសពីនោះទៀត អ្នកឧកញ៉ា សៀ ឫទ្ធី បានបន្ថែមថា សម្រាប់ច្បាប់នេះ អាចប្រព្រឹត្តិទៅបាន គឺអាស្រ័យទៅលើការសហការ រវាងក្រុមប្រឹក្សាអ្នកអភិវឌ្ឍន៍ ឬក៏បញ្ញាត្តិករ ផ្សេងទៀត ជាមួយអ្នកវិនិយោគក្នុងស្រុក ព្រោះអ្នកវិនិយោគក្រៅប្រទេស ពួកគេចង់វិនិយោគទៅប្រទេសណាមួយ គឺពួកគេតែងតែសម្លឹងមើល ជាមួយអ្នកវិនិយោគ ក្នុងស្រុកដែលល្អ ហើយប្រសិនបើអ្នកវិនិយោគក្នុងស្រុក មានការត្រៀមខ្លួនទុកជាស្រេច រង់ចាំអ្នកវិនិយោគក្រៅស្រុកហើយ នោះ គឺជាការបោះជំហ៊ានមួយយ៉ាងលឿន ជាងអ្នកដែលចង់មកវិនិយោគដោយខ្លួនឯង។
អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងបែបនេះ «ជាធម្មតា ទាំងគេទាំងយើង ប្រសិនបើខ្ញុំទៅវិនិយោគ នៅប្រទេសគេផ្សេង ខ្ញុំតែងតែត្រូវស្វែងរកដៃគូ ពីព្រោះដៃគូគេស្គាល់ទីផ្សារ ច្បាស់ជាងយើង គេដឹងទីផ្សារច្បាស់ជាងយើង សម្រាប់យើងជាអ្នកចំណូលថ្មី ចូលទៅគឺមិនអាចដឹងពីទីផ្សារ នៅក្នុងប្រទេសនោះទេ ដូច្នេះទើបគេចាំបាច់ ត្រូវរកដៃគូ ក្នុងស្រុក»។
អ្នកឧកញ៉ា ក៏បានរំលឹកថា ច្បាប់ល្អហើយ ការអនុវត្តល្អហើយ បន្ទាប់មកទៀត គឺអាស្រ័យទៅលើអ្នកវិនិយោគិន ក្នុងស្រុក ត្រូវរៀបចំខ្លួនឲ្យរួចរាល់ ក្នុងការស្វាគមន៍ អ្នកវិនិយោគិន មកពីក្រៅប្រទេសដែលគេចង់មកវិនិយោគ ដូច្នេះប្រសិនបើអាចធ្វើបានទាំងព្រម ទាំងបញ្ញត្តិករ និងទាំងអ្នកវិនិយោគក្នុងស្រុកនោះ កម្ពុជានឹងអាចស្វាគមន៍ អ្នកវិនិយោគក្រៅស្រុកកាន់តែច្រើន៕