(កំពង់ចាម)៖ កងកម្លាំងប្រដាប់អាវុធដែលប្រចាំការគោលដៅព្រំប្រទល់ខេត្តកំពង់ចាម ជាមួយខេត្តត្បួងឃ្មុំ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនពីសប្បុរសជន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចែកចាយជូនកងកម្លាំង ដែលកំពុងប្រចាំការនៅគោលដៅនេះ ក្នុងការអនុវត្តសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។
សប្បុរសជនដែលដឹកនាំយកអំណោយចែកជូនកងកម្លាំងប្រចាំការនៅស្រុកស្ទឹងត្រង់នេះ រួមមាន៖ លោកស្រី ឈាង ស្រីនាថ ភរិយារបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងសប្បុរសជនជាច្រើនផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។
ក្រោយទទួលបានសេចក្ដីសម្រេចនេះ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនីមួយៗ បានបញ្ចេញកងកម្លាំងទៅតាមព្រំប្រទល់ខេត្តនីមួយៗ ដើម្បីអនុវត្តនូវសេចក្ដីសម្រេចបិទការធ្វើដំណើរដោយមិនចាំបាច់ ក្នុងរយៈពេល១៤ថ្ងៃនេះ៕