(កណ្តាល)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណំាហុង និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំពិធីបួងសួងបន់ស្រន់ទេវតាថ្មី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ដែលតាមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជា កុំឱ្យជំងឺកូវីដ-១៩ បន្តការរាតត្បាតនៅកម្ពុជាតទៅទៀត នៅវត្តចន័្ទបុរីវង្ស ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ពិធីបួងសួងបន់ស្រន់ទេវតា និងវត្ថុស័ក្តិសិទ្ធិនាឱកាសនេះ គឺធ្វើឡើងចំថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ដោយមានការនិមន្តពីសំណាក់សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ថេរៈសភា នៃព្រះពុទ្ធសាសនា ព្រះសធម្មជោតិកធជ និងជាព្រះគ្រូចៅអធិការវត្តចន័្ទបុរីវង្ស។
ក្នុងឱកាសដ៏ពោរពេញទៅដោយមនុញ្ញផលនៃព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា បានបួងសួងព្រះរតនត្រៃយ៍ព្រមទាំងវត្ថុស័ក្ដសិទ្ធទាំងឡាយអស់រយៈពេលជាងកន្លះម៉ោង សូមជួយថែរក្សាប្រទេសកម្ពុជាយើងឱ្យរួចផុតពីការរាតត្បាតពីជំងឺកូវីដ-១៩ ព្រមទាំងជំងឺដ៏សាហាវផ្សេងទៀតឱ្យបានសុខក្សេមក្សាន្ដតរៀងទៅ។
ក្នុងឱកាសនេះដែរ សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានប្រសិទ្ធពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យទទួលបាននូវជោគជ័យធំធេងថែមទៀតជាដរាប ដើម្បីដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ និងការជោគជ័យលើគ្រប់វិស័យ។
សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត សម្ដេចសង្ឃនាយករងទី២ ក៏បានប្រសិទ្ធពរជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទាំងអស់ ឱ្យមានសុខភាពល្អជន្មាយុយឺនយូរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ២៦២នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧៤នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមេសានេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥,៤៨០នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤,៩៣៨នាក់, អ្នកជាសះស្បើយចំនួន ២,៣៩៣នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣,០៤៤នាក់, អ្នកស្លាប់ចំនួន ៣៨នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ-១៩ ចំនួន ៥នាក់៕