(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ នៅតែទទូចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តនៅផ្ទះ ដើម្បីការពារខ្លួន កុំឲ្យឆ្លងវីរុសកូវីដ១៩។

លោកស្រី ឱ វណ្ឌឌីន បានលើកឡើងថា ការវាយប្រហារដោយវីរុសកូវីដ១៩ ប្រៀបបាននឹងការផ្លោងគ្រាប់បែក ក្នុងពេលសង្គ្រាមដូច្នេះដែរ ដូចនេះដើម្បីគេចផុតពីសត្រូវអត់ស្រមោលកូវីដ១៩ ផ្លោងដាក់ គឺប្រជាពលរដ្ឋគ្រប់គ្នាត្រូវនៅផ្ទះ។

លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា «កាលសង្រ្គាមយើងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះយើងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យើង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហើយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាក ក្នុងការស្វែងរកការវាយលុក ហើយរកយើងមិនឃើញទៀតផង»

លោកស្រីបន្តថា ឥឡូវនេះវីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្ត ក្នុងការងាករកកន្លែង ដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើន ដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែង ដែលមានមនុស្សម្នាច្រើន។

ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហើយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឬច្រើននោះឡើយ។ ដូច្នេះប្រសិនបើបងប្អូនមិន បន្តការយកចិត្តទុកដាក់ អនុវត្តហ្មត់ចត់វិធានការ «៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង + នៅផ្ទះជា បណ្តោះអាសន្ន» នោះទេ អាយុជីវិតបុគ្គលណាម្នាក់ ឬអាចមានច្រើននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហើយ។ នេះបើតាមការបន្ថែមរបស់លោកស្រី ឱ វណ្ឌឌីន។

អ្នកនាំពាក្យរូបនេះបន្តថា ត្រូវចងចាំថា «ពេលនេះ សុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯង ហើយបើមិនចង់មានជំងឺកូវីដ-១៩ទេនោះ គឺត្រូវខិតខំអត់ធ្មត់ទ្រាំការលំបាកក្នុងរយៈពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយៈពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញជាបន្តបន្ទាប់នេះ ជាជាងការធ្វើដំណើរឆ្ពោះទៅរកជ្រោះមរណៈកូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គើន ឬមិនព្រមអនុវត្តតាមវិធានការ ដែលបានដាក់ចេញនានានេះ»

ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា៕