(ព្រៃវែង)៖ ដោយសារតែបំពានបំរាម របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីភូមិសាស្ត្រខេត្តមួយ ទៅភូមិសាស្ត្រខេត្តមួយទៀត ដែលមានការចល័តរបស់ប្រជាពលរដ្ឋ អាចនាំឱ្យមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ធ្វើឱ្យស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានឆ្លងជំងឺកូវីដ១៩ ចំនួន៥នាក់ ដែលមកផ្សារដើមគរ រាជធានីភ្នំពេញ ទៅលេងស្រុកកំណើត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់។

លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឱ្យដឹងថា «នៅស្រុកស៊ីធរកណ្ដាល មានអ្នកកើតកូវីដ-១៩ ចំនួន ៥នាក់ មកពីផ្សារដើមគរ រាជធានីភ្នំពេញ ក្នុងពេលចូលឆ្នាំខ្មែរ ដែលបានបំពានបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ហើយអាជ្ញាធរភូមិ ឃុំមិនសូវអើពើទៀតនោះ ធ្វើឱ្យពួកគាត់ដើរលេងស្រេចតែចិត្តក្នុងមូលដ្ឋាន ដោយអ្នកខ្លះក៏មិនបានពាក់ម៉ាស់នោះទេ ហេតុនេះធ្វើឱ្យមន្ត្រីជំនាញយើង មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានស្រុកស៊ីធរកណ្ដាលនេះ»

ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ដោយសារមានកូនអ្នកកើតជំងឺកូវីដ១៩ ម្នាក់ បានក្តៅខ្លួនហើយ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពពោធិ៍ទី ហើយត្រូវបានក្រុមគ្រូពេទ្យ ជួយព្យាបាលដោយមិនដឹងថា មានវិជ្ជមានកូវីដ-១៩ ឡើយ។ ដូច្នេះ មានប្រជាពលរដ្ឋព្រមទាំងគ្រូពេទ្យចំនួន៤នាក់ និងប្រពន្ធកូនពេទ្យមានផលប៉ះពាល់ ត្រូវតែធ្វើចត្តាឡីស័កនឹងយកសំណាក ទៅធ្វើតេស្តដើម្បីរកមេរោគកូវីដ១៩ ផងដែរ។

លោកវេជ្ជបណ្ឌិត សេង បញ្ញារិទ្ធ ក៏បានជំរុញឱ្យប្រធានពេទ្យស្រុក ត្រូវសហការជាមួយអាជ្ញាធរហ៊ុមពទ្ធ័ផ្ទះ ដែលជាប់ពាក់ព័ន្ធនឹងយកសំណាកពួកគាត់ទៅពិនិត្យ និងឱ្យពួកគាត់ដែលប៉ះពាល់ទាំងផ្ទាល់ និងប្រយោល ឱ្យធ្វើចត្តាឡីស័ក ដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានស្រុកមួយនេះ។

បើតាមលោកអភិបាលស្រុកស៊ីធរកណ្ដាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា «ប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩ ទាំង ៥នាក់នេះ គឺមកពីផ្សារដើមគរ រាជធានីភ្នំពេញ មកលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខណៈនេះអាជ្ញាធរ និងមន្ត្រីជំនាញកំពុងចុះស្រាវជ្រាវ រកអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលមកធ្វើចត្តាឡីស័ក និងស្រាវជ្រាវអំពីទីតាំងស្នាក់នៅ របស់ពួកគាត់បន្ថែមទៀត ដើម្បីតាមដានប្រភពចម្លងជំងឺកូវីដ-១៩ ឱ្យបានច្បាស់លាស់ផងដែរ»។

សូមបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង៥នាក់ នៅស្រុកស៉ីធរកណ្តាល រួមមាន៖

* ទី១៖ ឈ្មោះ យ៉ន ឡាំងហួយ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិឫស្សីសាញ់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័ក នៅសាលាបឋមសិក្សាឫស្សីសាញ់ គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩ ។

* ទី២៖ ឈ្មោះ ខោល នីន ភេទស្រី អាយុ៤៤ឆ្នាំ នៅភូមិចុងឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល កំពុងចត្តាឡីស័ក នៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩។

* ទី៣៖ ឈ្មោះ ណែម ណុប ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល កំពុងចត្តាឡីស័កនៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩។

* ទី៤៖ ឈ្មោះ ធា ណែត ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល កំពុងចត្តាឡីស័ក នៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩។

ទី៥៖ ឈ្មោះ ឡាតចាន់ ណក់ ភេទ ស្រី អាយុ៣២ឆ្នាំ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល កំពុងចត្តាឡីស័ក នៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩៕