(ព្រះសីហនុ)៖ រដ្ឋបាលខេត្ដព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧៥នាក់បន្ថែមទៀត ក្នុងនោះ៧១នាក់ជាអាជីវករផ្សារលើ និងក្រុមគ្រួសារ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។

ក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហាញអត្តសញ្ញាអ្នកជំងឺកូវីដ១៩ ទាំង៧៥នាក់នោះផងដែរ។

បន្ថែមពីនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។

គួរជម្រាប ពាក់ព័ន្ធជាមួយស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាសន្នផងដែរ ហើយតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័ក៕