(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានម៉ៅយកបន្លែពីអ្នកលក់ម្នាក់ និងណែនាំដល់គាត់ បើមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់កូវីដ១៩។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្របពេលដែលលោក ស ថេត ចុះត្រួតពិនិត្យមើលស្ថានភាពទូទៅតាមគ្រប់បណ្តាគោលដៅអនុវត្តវិធានការបិទខ្ទប់ ក៏បានជួបនឹងបងស្រីម្នាក់ នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ កំពុងតែដឹកបន្លែយកទៅលក់នៅផ្សារព្រែកព្នៅ។

បន្ទាប់ពីសាកសួរដោយក្តីអាណិត លោក ស ថេត ក៏បានទិញយកបន្លែពីបងស្រីទាំងអស់ក្នុងតម្លៃ ៦០ម៉ឺនរៀល ដែលតម្លៃដើមគាត់ទិញមកត្រឹមតែ ៣០ម៉ឺនប៉ុណ្ណោះ ដើម្បីឲ្យគាត់បានឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ។ លោកបានណែនាំដល់គាត់ បើមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

បងស្រីម្នាក់នេះបានប្រែពីការភ័យខ្លាចស្មានតែសមត្ថកិច្ចចាប់ឃាត់ខ្លួន បែរជាមានការត្រេកអរ និងថ្លែងអំណរគុណដល់លោក ស ថេត ដែលបានជួយម៉ៅយកបន្លែរបស់គាត់ទាំងអស់តែម្តង៕