(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ក្រាបករណីល្មើសវិធានបិទខ្ទប់រាជធានីភ្នំពេញចំនួន២ករណី ដែលគ្មានលិខិតអនុញ្ញាត ដោយឃាត់ខ្លួន៣នាក់ មានម្នាក់ជាជនជាតិចិន ព្រមទាំងរឺម៉ក់ម៉ូតូមួយគ្រឿង។

បើតាមសមត្ថកិច្ចនៅគោលដៅ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថា សម្រាប់ករណីទី១៖ មានបុរសម្នាក់ជិះម៉ូតូតាមផ្លូវដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងបុកបារ៉ាស់សមត្ថកិច្ច ដែលដាក់នៅតាមគោលដៅរង្វង់មូលជ្រោយចង្វារទៀតផង។

ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលនេះ តម្រូវឱ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ក្រោយបញ្ជូនទៅធ្វើចត្តាឡីស័ក សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

ដោយឡែក សម្រាប់ករណីទី២៖ បុរសជនជាតិចិនម្នាក់ និងអ្នកបើកកង់បីម្នាក់ ត្រូវបានសមត្ថកិច្ចតាមគោលដៅឃាត់ខ្លួន ធ្វើដំណើរល្មើសនឹងបំរាមគោចរ ហើយគ្មានលិខិតអនុញ្ញាតទៀតផង។

សមត្ថកិច្ចរូបនេះ បានបញ្ជាក់ថា សម្រាប់បុរសជនជាតិចិន ត្រូវបានសមត្ថកិច្ចពិន័យតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ព្រមទាំងបានអនុញ្ញាតឱ្យបុរសជនជាតិចិននេះ វិលត្រឡប់ទៅទីតាំងចាស់វិញដោយថ្មើរជើង។

ចំណែកម្ចាស់រ៉ឺម៉កកង់បី ដែលបានដឹកបុរសជនជាតិចិន ត្រូវសមត្ថកិច្ចដកហូតរ៉ឺម៉ក់កង់បី យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ជាបណ្តោះអាសន្ន ដោយសារសាមីខ្លួនអត់មានប្រាក់បង់នៅនឹងកន្លែង ហើយសមត្ថកិច្ចទុករយៈពេលឱ្យម្ចាស់កង់បីចំនួន៣០ថ្ងៃ តាមកាលកំណត់ ក្នុងករណីម្ចាស់កង់បីខាងលើ មិនចូលខ្លួនដោះស្រាយសមត្ថកិច្ច នឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែ៕