(ភ្នំពេញ)៖ អនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពិសេសអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការលម្អិត ដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងដោយមានការចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការធានាថា ទំនិញដែលយកមកដាក់លក់ ជូនប្រជាពលរដ្ឋ ដែលកំពុង ជាប់បម្រាមបិទខ្ទប់ មានគុណភាព សមស្រប មិនប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះត្រួតពិនិត្យគុណភាពផលិតផលទំនិញ ដែលត្រូវនាំយកទៅដាក់លក់ ជូនប្រជាពលរដ្ឋ នៅទីតាំងឃ្លាំងស្តុក របស់ក្រុមហ៊ុនហ្រ្គីនត្រេដ បណ្តាឃ្លាំងរបស់ ក្រុមហ៊ុនដៃគូ ផ្គត់ផ្គង់ទំនិញជូនក្រសួងពាណិជ្ជកម្ម និងនៅតាមបណ្តាគោលដៅ ដែលរថយន្តចល័ត របស់ក្រសួងពាណិជ្ជកម្ម កំពុងធ្វើសកម្មភាពផ្គត់ផ្គង់ទំនិញ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅថ្ងៃដដែលនេះ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ បានចុះអង្កេត តាមដានតម្លៃលក់ទំនិញសំខាន់ៗ មួយចំនួន ពិសេសម្ហូបអាហារ ដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដើម្បីរកមូលហេតុ និងមានវិធានការទប់ស្កាត់ការតម្លើងថ្លៃហួសហេតុ ពីសំណាក់ជនឆ្លៀតឱកាសមួយចំនួននៅផ្សារគោលដៅចំនួន៣គឺ៖ ផ្សារបុរីពិភពថ្មីចំការដូង ដែលស្ថិតក្នុងខណ្ឌដង្កោ ផ្សាររីករាយនិងផ្សារឈូកមាស ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារដែលរួមមានបុគ្គលិកក្រុមហ៊ុនហ្រ្គីនត្រេដ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានសហការនាំយកទំនិញចាំបាច់មួយចំនួន រួមមាន៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធជាដើម ទៅលក់ជូនប្រជាពលរដ្ឋនៅគោលដៅសំខាន់ៗចំនួន៥កន្លែង៖ ទីតាំងច្រមុះជ្រូកស្ទឹងមានជ័យ ទីតាំងភូមិត្រពាំងថ្លឹង៤ ទីតាំងបុរីរុងរឿងក្បែរផ្សារទួលពង្ររ ទីតាំងសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ និងទីតាំងស្ថានីយប្រេងឥន្ធនៈ PTT ស្ទឹងមានជ័យ។

ក្នុងឱកាសនោះ មន្ត្រីជំនាញ អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការអំពាវនាវ ដល់បងប្អូនអាជីវករ លក់ដូរ ក្នុងផ្សារទាំងអស់សូមមេត្តាកុំឆ្លៀតឱកាស លក់ទំនិញតម្លើងថ្លៃហួសហេតុ និងសូមប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្ម ប្រកបដោយសីលធម៌ និងសុចរិតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលកំពុងចូលរួមអនុវត្តបម្រាមបិទខ្ទប់ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩។

ប្រសិនបើបងប្អូន ប្រជាពលរដ្ឋមាន ឬជួបបញ្ហាលើតម្លៃលក់ និងគុណភាពទំនិញ លើទីផ្សារ សូមមេត្តាទំនាក់ទំនងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប៕