(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

បើតាម គ.ជ.ប ដំណឹងនេះធ្វើឡើងដោយយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៧ សសរ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។

គ.ជ.ប បន្តថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៦៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត សម្រាប់អាណត្តិទី១ មាត្រា១ «ត្រូវបានកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន ១៣នាក់ ដោយអនុលោមតាមមាត្រា ១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានអ្នកបោះឆ្នោតសរុបចំនួន ១៧រូប ជាក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែងនៃសង្កាត់ចំនួន ៣ រួមមាន៖

* សង្កាត់បឹងទូក មានអង្គបោះឆ្នោតចំនួន ៥រូប
* សង្កាត់កោះតូច មានអង្គបោះឆ្នោតចំនួន ៥រូប
* សង្កាត់ព្រែកត្នោត មានអង្គបោះឆ្នោតចំនួន ៧រូប។

យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើងតាមការបោះឆ្នោតអសកល ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌដែលហៅកាត់ថា «ក្រុមប្រឹក្សា»

សូមបញ្ជាក់ថា ក្រុងបូកគោ នៃខេត្តកំពត គឺជាក្រុងដែលទើបតែបង្កើតថ្មី ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១៕