(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យគោលដៅឈរជើង របស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅព្រំប្រទល់ខេត្តទាំង៣ចំណុច ក្នុងភូមិសាស្ត្រស្រុកស្នួល គឺព្រំប្រទល់ស្រុកកែវសីមា ខេត្តមណ្ឌលគីរី និងព្រំប្រទល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មាន២គោលដៅ។

ការចុះត្រួតពិនិត្យតាមគោលដៅឈរជើងរបស់សមត្ថកិច្ចនេះ ក៏មានរួមជាមួយលោកស្នងការនគរបាលខេត្ត មេញ្ជាការកងរាជអាវុធហត្ថ, បញ្ជាការតំបន់ប្រតិបត្តិការសឹករង អាជ្ញាធរស្រុកផងដែរ។

លោក គង់ គឹមនី បានបញ្ជាក់ថា ការចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះពង្រឹងបន្ថែមក្នុងការទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តវិធានការឱ្យមានប្រសិទ្ធភាព ព្រមទាំងសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឱ្យសមត្ថកិច្ចរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីសម្រេចលេខ ០២៧/២១ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិតរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលរងខេត្ត ក៏បានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ច អ្នកបានឈរជើងនៅគោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្តផងដែរ។

លោក គង់ គឹមនី បានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីខេត្តមួយ ទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសគោលបំណងរបស់រាជរដ្ឋាភិបាល គិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និងសង្គមជាតិ ។

លោកក៏បានសំណូមពរដល់កងកម្លាំងដែលប្រចាំការគ្រប់គោលដៅទាំងអស់ ត្រូវប្រកាន់ខ្ជប់នូវវិន័យ សីលធម៌ថ្លៃថ្នូររបស់កងកម្លាំង ម៉ឹងម៉ាត់អនុវត្តការងារ ដើម្បីការពារពីការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍យើងបាន។ មួយវិញទៀតត្រូវចូលរួមអនុវត្តន៍តាមវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩ ក្នុងពេលប្រតិបត្តិការ។

ក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង៣ខាងលើ លោកអភិបាលរងខេត្ត ក៏បាននាំយកសម្ភារមួយចំនួន របស់រដ្ឋបាលខេត្តឧបត្ថម្ភដល់កងកម្លាំងរួមមាន៖ អង្ករ, អាល់កុល ម៉ាស ថវិកាចំនួន ៥០ម៉ឺនរៀលក្នុង១គោលដៅ។

ក្នុងនោះដែរ ខេត្តក្រចេះមានរៀបចំកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅគោលដៅដែលមានព្រុំប្រទល់ខេត្ត មានចំនួន ៧គោលដៅក្នុងស្រុក៤ ដែលត្រូវបានបែងចែកអភិបាលរងខេត្ត ចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការ នៅតាមគោលដៅទទួលបានដូចៗគ្នា៕