(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា នៅថ្ងៃនេះរថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម បានលក់អង្ករបានចំនួន ២០០បាវ, មីជាតិ ៦១៤កេស, ទឹកត្រីចំនួន ៣២៥ យួរ, ទឹកស៉ីអ៉ីវ ចំនួន១៥៦យួរ, ត្រីខចំនួន ៤៣៦យួរ, ទឹកសុទ្ធចំនួន៥០យួរ, ស្ពៃក្តោប ១,៥០០គីឡូក្រាម, ត្រសក់ ៥០០គីឡូក្រាម, ត្រប់ស្រួយ ២០គីឡូក្រាម និងពោត១០០០ផ្លែ ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា បើគិតរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ២១ ខែមេសានេះ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន៦១០បាវ, មីជាតិចំនួន ៣២៣៥កេស, ទឹកត្រីចំនួន ៧៤៩យួរ, ទឹកស៉ីអ៉ីវចំនួន ៤៦៦យួរ, ត្រីខចំនួន ៧៤៧យួរ និងទឹកសុទ្ធចំនួន ១០២យួរ។

សូមជ្រាបថា បន្ថែមពីលើការចល័តរថយន្តលក់អង្ករ និងគ្រឿងឧបភោគបរិភោគ នៅតបន់ក្រហមហើយនោះ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ក្រហមផងដែរ។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងកំឡុងពេល នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្រសួងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវទីផ្សារអនឡាញ សម្រាប់លក់ស្បៀងអាហារជូនប្រជាពលរដ្ឋ និងដឹកជញ្ជូន ដល់មុខផ្ទះអ្នកទិញ។

ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម អាចបញ្ជាទិញទំនិញ បានតាមរយៈប្រព័ន្ធអនឡាញ shop.moc.gov.kh ឬតាម QR Code ដែលបានភ្ជាប់ជូន។

ក្រសួងពាណិជ្ជកម្ម បានរៀបចំក្រុមការងារចាំទទួលការហៅចូល សម្របសម្រួលការ បញ្ជាទិញ និងទទួលសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់ក្រហម តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖

០១២ ៧៦៧ ០៤៣- ០៨៩ ៣៥៥ ៦៩៦- ០៦៩ ៥២៤ ៤៩៩- ០១៥ ៨០៥ ៣១៣- ០១៧ ៨៥៥ ០១១- ០១២ ៩១៧ ៧៦០- ០៦៩ ៣៣៦ ៦៦៧- ០១៧ ៨៨២ ៨៣៨- ០១០ ៤៤៧ ៣២៧- ០១៥ ៩០០ ០២៥- ០១៧ ៦៦៥ ៥៩៥- ០១៧ ៤៩២ ២៥៦- ០៩២ ៨៦៨ ៦៩៦៕