(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញផែនទី «តំបន់ក្រហម» ដែលឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ ក្នុងភូមិលេខ១ លេខ២ លេខ៣ លេខ៤ និងលេខ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចដាក់ភូមិចំនួន៥ នៃសង្កាត់លេខ៤ ជាតំបន់ក្រហម ដោយហាមផ្តាច់មិនឱ្យមានការចេញពីផ្ទះ បន្ទាប់ពីទាំងនេះផ្ទុះការឆ្លងខ្លាំងនៃជំងឺកូវីដ១៩។
ក្នុងសេចក្តីសម្រេចដែល Fresh News ទទួលបាន រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងកំលុងពេលដាក់ជាតំបន់ក្រហមនេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនដោយរួមទាំងការ មិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួននោះឡើយ លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ- ១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២ នៅទីតាំងជិតបំផុតក្នុង «តំបន់ក្រហម» តាមការកំណត់ និង ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ជាមួយគ្នានេះ ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុង «តំបន់ក្រហម» ត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ។ លើកលែងតែសកម្មភាពការងារមួយចំនួនដូចជា៖ សេវាពន្លត់អគ្គីភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, សេវាផ្គត់ផ្គង់ទឹកស្អាត, សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋនិងឯកជន ដោយរួមទាំងឱសថស្ថានផង, ទីតាំងផលិត និងផ្គត់ផ្គង់អាល័កុល និងអុកស៊ីហ្សែន, ទីតាំងផលិតនិងផ្គត់ផ្គង់មី, ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ, សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់, សេវាផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខារពេទ្យ និងសេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង៕