(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីខួបអនុស្សាវវីយ៍លើកទី១០៥ នៃទិវានារីអន្ដរជាតិ ៨មីនា ជូននាយផ្នែក នាយផ្នែករង វេជ្ជបណិ្ឌត គ្រូពេទ្យមធ្យម គិលានុបដ្ឋាយិកា ឆ្មប និងបុគ្គលិកម្មករ នារីសរុបទាំងអស់៤៧១នាក់ ដែលតែងតែ បានចូលរួមចំណែកសាមគ្គី ជួយឲ្យមន្ទីរពេទ្យមានដំណើរការល្អ និងបានផ្តល់សេវាព្យាបាលជំងឺដ៏ល្អបំផុត ជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា។

លោកវេជ្ជបណិ្ឌត ងី ម៉េង ប្រធានមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានលើកឡើងថា នៅក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវានារីអន្ដរជាតិ៨មីនា ក្រោមប្រធានបទ «វិនិយោគលើ សមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍប្រកប ដោយចីរភាព» ក្រោមវត្តមានរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅមនី្ទរពេទ្យថ្ងៃនេះ។

លោកវេជ្ជបណិ្ឌតបន្តថា «នារី ដែលជាសមាជិក នៃមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានគោរពតាមមាគ៌ា គោលនយោបាយ របស់រាជរដ្ឋាភិបាលដោយយកអស់ ពីកំលាំងកាយចិត្ត ស្មារតី ឆន្ទះពុះពារក្នុងការងារចំពោះមុខ ច្នៃប្រឌិត ឲ្យកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ បំរើប្រជាពលរដ្ឋ ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៏ប្រទេសជាតិ មាតុភូមិនៃយើង»។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងថា ឆ្នាំនេះទិវាអន្ដរជាតិនារី៨មីនា បានប្រព្រឹត្ដទៅក្រោមប្រធានបទ វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភវឌ្ឍប្រកបដោយចីរភាព លោកសូមគាំទ្រទាំងស្រុងចំពោះប្រធានបទនេះ ព្រោះថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ដ្រី និងដោយមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាលផងនោះ ដែលបាលនឹងកំពុងយកចិត្ដទុកដាក់ជាខ្លាំងក្នុងការងារបញ្ជ្រាបយេនឌ័រលើគ្រប់វិស័យទូទាំងកម្ពុជា។

លោកបន្ដថា «ប្រធានបទក្នុងឆ្នាំនេះ គឺចង់បង្ហាញឲ្យយើងទាំងអស់គ្នា ឲ្យបានដឹងពីសមភាពពិតប្រាកដរវាងបុរស និងស្ដ្រី និងទទួលស្គាល់ថា ស្ដ្រីជាភ្នាក់ងារដ៏សំខាន់ ដែលមានតួនាទី ធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរប្រែប្រួលមុខមាត់។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមថាប្រធានបទនេះ នឹងក្រើនរំលឹកដល់មន្ដ្រីរាជការក្រសួងសុខាភិបាល គ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្ដទុកដាក់ អនុវត្ដន៍គោលនយោបាយសមភាពយេនឌ័រ ក្នុងអង្គភាពរបស់ខ្លួន ជាពិសេសនារីខ្លួនឯង  ត្រូវ ខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមសហការ ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សទៅ»។

លោករដ្ឋមន្ដ្រី ក៏បានកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារបស់មន្ទីរពេទ្យរុស្ស៊ីផងដែរ ដោយបានសហការគ្នាព្យាបាលប្រជាពលរដ្ឋកម្ពុជាបានយ៉ាងល្អ ហើយថ្មីៗនេះ មន្ទីពេទ្យនេះ ក៏មាននូវម៉ាស៊ីន accelerator(6 M.V Linear) ដែលជាម៉ាស៊ីនសម្រាប់ព្យាបាលជំងឺមហារីកដ៏ទំនើបទី១នៅកម្ពុជា ដោយប្រើកម្មវិធីរស្មីថ្មីបំផុត និងលទ្ធភាពផ្ដល់សេវាកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ ដែលមានជំងឺមហារីកផងដែរ៕