(ភ្នំពេញ)៖ សៀវភៅស្តីពីឆាកជីវិតរបស់ព្រះពុទ្ធ តាំងពីពេលព្រះអង្គចាប់កំណើត រហូតដល់ចូលបរិនិព្វាន និងការបង្រៀនក៏ដូចជា​ ពុទ្ធឱវាទរបស់ព្រះអង្គត្រូវបាន បោះពុម្ពផ្សព្វផ្សាយហើយ ដោយវិទ្យាស្ថានស្រាវជ្រាវវិបស្សនា សហការជាមួយលោក ពុយ គា ជាអ្នកកាសែតខែ្មរដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ។

«ការបង្រៀនរបស់ព្រះពុទ្ធ 'អ្នកត្រាស់ដឹង' ដើមកំណើតនិងការរីកសាយភាយនៃវិបស្សនា» ជាចំណងជើងរបស់សៀវភៅដែលមាន កម្រាស់២៤២ទំព័រ លាយឡំជាមួយរូបគំនូរចម្រុះពណ៌បង្ហាញពីសកម្មភាពនិងឆាកជីវិតសំខាន់ៗរបស់ព្រះពុទ្ធ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតដែលមានអាជីពដូចគ្នា លោក ពុយ គា ដែលគេធ្លាប់ស្គាល់ផងដែរថាជាវាគ្មិនម្នាក់ និងជាអ្នកចងក្រងសៀវភៅ ពាក់ព័ន្ធនឹងនយោបាយ កិច្ចការតំបន់និងអន្តរជាតិ បាននិយាយថា​ មូលហេតុដែលលោកសម្រេចចិត្ត សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ វិបស្សនាដើម្បីបោះពុម្ពសៀវភៅស្តីពីព្រះពុទ្ធ ដោយសារថា ប្រទេសកម្ពុជាកាន់សាសនាព្រះពុទ្ធ ដូចនេះពលរដ្ឋខែ្មរអាចសែ្វងយល់ ពីព្រះពុទ្ធបានច្បាស់តាមរយៈសៀវភៅមួយក្បាលនេះ ជាពិសេសចំពោះចម្ងល់ថាព្រះពុទ្ធ ជានរណា? ដំណើរជីវិតរបស់ព្រះអង្គយ៉ាងដូចមេ្តច? និងថាតើគេបែងចែកសារីរិកធាតុ (ឆ្អឹង) ទៅឲ្យប្រទេសណាខ្លះនិងថែរក្សា យ៉ាងដូចមេ្តចបន្ទាប់ពីព្រះអង្គចូលបរិនិព្វាន?

លោក ពុយ គា ក៏បានរំលេចចំណុចពិសេសមួយទៀតដែលដកស្រង់ចេញពីសៀវភៅ គឺការទស្សន៍ទាយថា សាសនាព្រះពុទ្ធអាច នឹងបាត់បង់ជំនឿនៅពេលណា ឬប៉ុន្មានឆ្នាំទៀត។

បើសិនជាមិត្តអ្នកអានចាប់អារម្មណ៍ចង់ដឹងច្បាស់ថាសៀវភៅមួយក្បាលនេះ មានបង្កប់នូវខ្លឹមសារអ្វីខ្លះទៀត មិត្តអ្នកអានអាចរក បាននៅតាមបណ្ណគារនិងតូបកាសែតនានាក្នុងរាជធានីភ្នំពេញ ឬ តាមរយ:លេខទូរសព្ទ៖ 012367688 ឬ 016696199 ឬក៏នៅការិយាល័យអង្គការវិបស្សនាកម្ពុជានៅបុរីពិភពថ្មីចំការដូង ឬមជ្ឈមណ្ឌលវិបស្សនានៅភ្នំទ្រុង ខេត្តបាត់ដំបង និងនៅរលួស ខេត្តកំពង់ចាម៕