(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ (Park Geun-hye) បានប្រាប់មន្ត្រីជាន់ខ្ពស់របស់ ខ្លួនឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្រុញឲ្យមានការដាក់​ទណ្ឌកម្មបន្ថែម​ទៀតលើប្រ​ទេស កូរ៉េខាងជើង ព្រមជាមួយនឹងការអនុវត្តឲ្យបានពេញលេញ នូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានដាក់ចេញកាលពីសប្តាហ៍មុន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០១៦។

លោកស្រី ផាក បានជូបពិភាក្សាជាមួយទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួន ឲ្យត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ ចំពោះការអនុវត្ត ទណ្ឌកម្មកូរ៉េខាងជើង ដោយ UNSC ដែលត្រូវបានអនុម័តកាលពីថ្ងៃទី០៣ ខែមីនា ជាពិសេសនោះគឺ ត្រូវសហការគ្នាឲ្យបានស្អិតល្មួត ជាមួយនឹងសមាជិក យូអិន ទាំងអស់ដើម្បីជម្រុញឲ្យ អន្តរជាតិបង្កើតទណ្ឌកម្មបន្ថែមទៀត លើកូរ៉េខាងជើង។

គួរបញ្ជាក់ថា ការថ្លែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងដូចខាងលើនេះ បានធ្វើឡើង ក្រោយពីបានមើលឃើញថា កូរ៉េខាងជើង មិនបានខ្លាចញញើត នឹងទណ្ឌកម្ម ឬដំណោះស្រាយរបស់អន្តរជាតិនោះ​ឡើយ ហើយថែមទាំង គម្រាមបាញ់អាវុធប្រល័យលោក ដើម្បីសងសឹកទៀត៕