(ភ្នំពេញ)៖ មន្ត្រីយោធាម្នាក់បានបាញ់បោះសេរី បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាងទាំងកណ្តាលអាធ្រាត្រ ស្ថិតនៅត្រង់ចំណុចភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនាវេលាម៉ោង១២៖០០នាទីឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ដែលមូលហេតុនាំឲ្យមានការបាញ់យ៉ាងដូច្នេះគឺ គោលបំណងដាស់ប្រពន្ធ របស់ខ្លួនឲ្យងើបមកបើកទ្វារជូន ខណៈត្រឡប់មកពីដើរលេងវិញនោះ។

មន្ត្រីនគរបាលដែលអង្គុយរង់ចាំចាប់ខ្លួនបុរសជាយោធាបាញ់បោះសេរីនេះ បានប្រាប់ថា មុនកើតហេតុ គេបានឃើញគាត់(យោធាបាញ់បោះសេរីរូបរូបនេះ) មកពីដើរលេង ដោយបើករថយន្ត មួយគ្រឿងម៉ាក Lexus លុះបើកមកដល់មុខផ្ទះ ដោយមានភាពស្រវឹងផងនោះ ក៏ទាញកាំភ្លើងបាញ់ ចំនួន៣គ្រាប់តែផ្ទុះ២គ្រាប់ ដើម្បីឲ្យប្រពន្ធបើកទ្វារឲ្យចូលផ្ទះ។

បន្ទាប់ពីប្រពន្ធបើកទ្វាររួច យោធាដែលបាញ់បោះសេរីរូបនោះ បានចូលដេកធ្វើមិនដឹង ដោយបន្សល់ទុកតែសំបកកាទុស្សដែលផ្ទុះចំនួន២គ្រាប់ និងគ្រាប់មិនផ្ទុះមួយគ្រាប់ នៅកន្លែងបាញ់តែប៉ុណ្ណោះ។ បន្ទាប់ពីជនបង្កចូលដេកហើយ កម្លាំងនគរបាល ខណ្ឌសែនសុខ ដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានមក ដល់ភ្លាមៗដែរ ដើម្បីចាប់យោធារូបនេះ។

តែទំរាំឈានទៅដល់ការចាប់ខ្លួនបាន ត្រូងចំណាយពេលជាច្រើនម៉ោងអង្គុយរង់ចាំ ទាល់តែមានការបញ្ជាផ្ទាល់ពី សំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីតំណាងអយ្យការ ផងដែរ។ មន្ត្រីនគរបាលខណ្ឌសែនសុខ បានប្រាប់ថា ជនដែលបាញ់នោះឈ្មោះកែ ស៊ីម ហៅ (អាន) ជាយោធាពាក់ស័ក្តិ៥ តែមិនដឹងថា ធ្វើការនៅអង្គភាពណានោះទេ៕