(ភ្នំពេញ)​៖ នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន១៣​លើក ក្នុង​នោះ​យប់១១​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៥​នាក់ រងរបួស​ធ្ងន់៩​នាក់ និង​របួសស្រាល៩​នាក់ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

​​ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍ទាំង១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្តសរុបចំនួន២០​គ្រឿង រួមមានម៉ូតូ​ចំនួន១១​គ្រឿង រថយន្ត​ធុន​តូចចំនួន៤​គ្រឿង រថយន្ត​ធុន​ធំចំនួន៥​គ្រឿង និង​អ្នក​ថ្មើរជើង៣​នាក់ ហើយមូលហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមានល្មើស​ល្បឿន៥​លើក, ស្រវឹង៣​លើក, ប្រជែង​គ្រោះថ្នាក់៣​លើក​, មិន​ប្រកាន់​ស្តាំ១​លើក និង​កត្តា​យានយន្ត ១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៨​នាក់ (​យប់៦​នាក់​)។

​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញនេះដែរ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៦៦៦៨​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៣៥២៦​គ្រឿង ពិន័យ​សរុប ៣១៤២​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ១៦១៩​នាក់ ៕​