(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បើមិនមានការចូលរួមសហការពីប្រជាពលរដ្ឋទេ យើងមិនអាចលុបបំបាត់បាននោះទេ។ ដូច្នេះត្រូវតែផ្សព្វផ្សាយ និងធ្វើចលនាឲ្យពួកគាត់បានចូលរួម អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់អាជ្ញាធរយើង។
ជាថ្មីម្តងទៀត លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា «តំបន់ក្រហម» ជាតំបន់ដែលមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មដាច់ខាត សូម្បីតែការលក់ដូរឥវ៉ាន់ចាប់ហួយ ហើយការធ្វើដំណើរចេញ-ចូល ក៏ត្រូវបានហាមដាច់ខាតផងដែរ ទោះជាដើរពីផ្ទះមួយទៅផ្ទះមួយក៏ដោយ ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះតទៅ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីមានវិធានការផ្សេងចំពោះតំបន់ពណ៌លឿង លឿងទុំ និង តំបន់ក្រហម ឲ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
លោក ឃួង ស្រេង បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអនុវត្តនូវវិធានការបិទខ្ទប់តំបន់ដែលត្រូវបិទខ្ទប់ ពិសេសតំបន់ពណ៌លឿងទុំ និងតំបន់ក្រហម។ ក្នុងតំបន់ទាំង២នេះ អាជ្ញាធរខណ្ឌត្រូវចុះល្បាតក្នុងមូលដ្ឋាននេះជាប្រចាំ ដើម្បីទទួលបានព័ត៌មាន ដោយមិនអោយមានការជួបជុំ ឬផឹកស៊ីជាដាច់ខាត បើមានត្រូវតែចាប់យកមកអនុវត្តទោស។
ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យបន្តការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ពិសេសការផ្តល់អំណោយជូនបងប្អូន កម្មករ កម្មការីនី ទៅដល់តាម បន្ទប់ជួល ដោយមកដល់ពេលនេះ យើងបានចែកអំណោយទៅប្រជាពលរដ្ឋ និងកម្មករ កម្មការីនី បានប្រមាណ១០ម៉ឺនគ្រួសារហើយ តែក៏នៅតែមានការ ស្រែករកជំនួយទៀត ដែលការងារមនុស្សនេះ យើងត្រូវតែធ្វើបន្ត និងឲ្យចំគោលដៅ ចំអ្នកដែរខ្វះខាតជាងគេ៕