(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ បានចុះត្រួតពិនិត្យកងកម្លាំង ដែលកំពុងឈរជើងអនុវត្តវិធានការបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានរកឃើញអ្នកកើតជំងឺកូវីដ១៩ នៅក្នុងក្រុងប៉ោយប៉ែតជាបន្តបន្ទាប់។
ក្នុងឱកាសចុះត្រួតពិនិត្យកងកម្លាំងឈរជើងអនុវត្តវិធានការនេះ លោកឧត្តសេនីយ៍ទោ សេង ធារិន បានលើកឡើងថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរ បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ។
លោកឧត្តមសេនីយ៍ទោ បានសូមអង្វរចិត្តប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕