(ចិន, សៀងហៃ)៖ ក្រុមហ៊ុនចិនមួយមានឈ្មោះថា «ZHOUFANG GROUP» បានបន្ដការឧបត្ថម្ភម៉ាសជាង ១លានម៉ាស និងសម្លៀកបំពាក់ពេទ្យចំនួន ៣ម៉ឺនកំប្លេរថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើង ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ពិធីប្រគល់ និងទទួលជំនួយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនចិនខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រគល់ដោយក្រុមហ៊ុនមួយរបស់ចិន «ZHOUFANG GROUP» ជូនដល់អគ្គកុងស៊ុលកម្ពុជាប្រចាំ នៅទីក្រុងសៀងហៃ លោក នាង សំរិតកុមារ។
នេះជាជំនួយដ៏ច្រើនម្ដងទៀតរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ដើម្បីរួមចំណែកទុក្ខលំបាកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ក្រោយពេលដែលកម្ពុជា បានជួបព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើឲ្យមានអ្នកឆ្លងរហូតដល់ជាង ១ម៉ឺននាក់ និងស្លាប់ជិត១០០នាក់។
ថ្លែងប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោក នាង សំរិតកុមារ បានបញ្ជាក់ជូនថា «កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទ និងមន្រ្តីស្ថានអគ្គកុងស៊ុល បានធ្វើដំណើទៅទីក្រុង NANCHANG ខេត្ត JIANGXI ដើម្បីចូលរួមពិធីប្រគល់ជំនួយពីក្រុមហ៊ុន ZHOUFANG GROUP នូវសម្ភារៈពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជូនដល់រាជរដ្ឋាភិបាលកម្ពុជា»។
លោកបានបញ្ជាក់ថា ជំនួយដ៏ច្រើនរបស់ក្រុមហ៊ុនចិនខាងលើនេះរួមមាន៖
*ទី១៖ ម៉ាស ចំនួន ១.២០០.០០០ ម៉ាស (Medical mask )
*ទី២៖ សំលៀកបំពាក់ពេទ្យ ចំនួន ៣០.០០០ កំប្លេ
*ទី៣៖ ម៉ាស KN95 ចំនួន ៥០.០០០ ម៉ាស។
នៅក្នុងឱកាសទទួលជំនួយខាងលើនេះ, អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឧបនាយករដ្ឋមន្រ្តីក្រសួងការបរទេស ដល់រដ្ឋាភិបាលចិន និងក្រុមហ៊ុន ZHOUFANG GROUP ដែលមានទឹកចិត្តសប្បុរសធម៌ជួយដល់កម្ពុជា ក្នុងគ្រាលំបាកនេះ និងជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យ និងរីកចំរើនថែមទៀត។
នៅក្នុងជំនួបពិភាក្សាគ្នានោះ ប្រធានក្រុមហ៊ុន, អគ្គកុងស៊ុលកម្ពុជា បានជម្រាបជូនអំពីការរីកចំរើន ឱកាសវិនិយោគនៅកម្ពុជា, សភាពការណ៍ជំងឺ Covid-19 និងការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែនក្នុងការប្រយុទ្ធប្រឆាំង និងជំងឺរាតត្បាតពីជំងឺកូវីដ១៩។
អគ្គកុងស៊ុលកម្ពុជានៅទីក្រុងសៀងហៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ក្រុមហ៊ុនចិននេះ។ លោកចាត់ទុកកាយវិការនេះ គឺជាការបង្ហាញនូវភាពជាបងប្អូនដែលមិនអាចបំបែកបានរវាងចិន និងកម្ពុជា។ លោកជឿជាក់ថា ម៉ាស់ទាំងនេះពិតជាអាចជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩កាន់តែមានភាពប្រសើរឡើង។
លោកបានសង្កត់ធ្ងន់ពាក្យមួយឃ្លាថា «ជ័យយោ! ខ្សែក្រវ៉ាត់មួយផ្លូវមួយ ស្រលាញ់គ្នាក្នុងគ្រាក្រ ចិន និងកម្ពុជារួមចិត្តគ្នាតែមួយ»។ បើតាមលោក នាង សំរិតកុមារ ក្រុមការងារស្ថានអគ្គកុងស៊ុលកំពុងរៀបចំបែបបទ ដើម្បីបញ្ជូនសម្ភារខាងលើទៅកម្ពុជា។
ជាការឆ្លើយតប ភាគីក្រុមហ៊ុន បានចាប់អារម្មណ៍ ក្នុងការវិនិយោគរោងចក្រផលិតស្រោមដៃ និងម៉ាសនៅកម្ពុជា ពេល Covid-19 ត្រូវបានបញ្ចប់។ ប្រធានក្រុមហ៊ុន លោក ZHOU មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ
ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដោយលោកសង្ឃឹមថា ប្រទេសកម្ពុជា និងវិលមករកភាពប្រក្រតីនាពេលដ៏ខ្លីខាងមុខ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១,០៦៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០,៥១៣នាក់, អ្នកជាសះស្បើយចំនួន ៣,៧០៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៧២៧០នាក់, អ្នកស្លាប់ចំនួន ៨២នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕