(ភ្នំពេញ)៖ អតីតពលករកូរ៉េខាងត្បូងត្រកូល «ឡេង» គឺឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា ឡេង និមល បានចូលរួមឧបត្ថម្ភថវិកាចំនួន៣ម៉ឺនដុល្លារ សម្រាប់ចូលរួមចំណែកក្នុង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺវីដ១៩ ជូនបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
យោងតាមលិខិតថ្លែងអំណរគុណរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាងមានឲ្យថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា ឡេង ប្រុស ដែលបានជួយឧបត្ថម្ភនូវថវិកាចំនួន ៣០ ០០០ដុល្លារអាម៉េរិក សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត។
លោក ហេង សួរ បានកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ឧកញ៉ា ឡេង ប្រុស ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល គ្រប់កាលៈទេសៈ
បានយ៉ាងទាន់ពេលវេលា។
សូមបញ្ជាក់ថា ឧកញ៉ាត្រកូល «ឡេង» ដែលមហាជនទូទៅឲ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។
ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។ សម្រាប់អ្នកឧកញ៉ា ឡេង ភត្រា ឬឡេង ណាវ៉ាត្រា តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយលោកតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។
សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងជូនកូវីដ១៩ (ស៉ីណូវ៉ាក់) ដូសទី២ ជូនកម្មករនិយោជិត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ហើយការចូលរួមបរិច្ចាគថវិការបស់ឧកញ៉ាត្រកូល «ឡេង» នេះជាការចូលរួមចំណែកក្នុងការ ដំណើរការការងារមួយនេះកាន់តែប្រសើរឡើងថែមទៀត៕