(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ជំនួយឥតសំណងជំហានទី៣ របស់ភាគីចិន ជូនចំពោះភាគីកម្ពុជា ជាវ៉ាក់សាំងកូវីដចំនួន៤០ម៉ឺនដូស បានមកដល់រាជធានីភ្នំពេញ តាមរយៈជើងហោះហើរស៊ីវិល។ នេះជាជំនួយឥតសំណងរបស់ចិនជាវ៉ាក់សាំងជំហានទី៣ បន្ទាប់ពីជំហានទី១ ចំនួន៦០ម៉ឺនដូស និងជំហានទី២ ចំនួន៧០ម៉ឺនដូស សរុប១លាន៧សែនដូស។
ស្ថានទូតចិន តាមរយៈទំព័រ Facebook ផ្លូវការបានលើកឡើងថា ចិន និងកម្ពុជា ជាបងប្អូនល្អប្រៀបដូចដៃ និងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាល និងប្រជាជនចិន តែងឈរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជានិច្ច រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។ បច្ចុប្បន្ន ក្រោមស្ថានភាពដ៏តឹងតែង នៃជំងឺវីរុសកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ភាគីចិនតែងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុស តាមគ្រប់មធ្យោបាយជាមួយភាគីកម្ពុជា។
ម៉្យាងវិញទៀតភាគីចិន បានប្រគល់ជំនួយ និងវ៉ាក់សាំងតាមការបញ្ជាទិញយ៉ាងទាន់ពេលវេលា ជូនដល់ភាគីកម្ពុជា មួយវិញទៀត ក៏បានជួយភាគីកម្ពុជា លើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩។ ស្ថានទូតចិន បានអះអាងទៀតថា មន្ទីរពិសោធន៍តេស្តសំណាក ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនចំពោះប្រទេសកម្ពុជា ត្រូវបានប្រគល់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន។
ស្ថានទូតចិន បានបន្ថែមទៀតថា ដើម្បីជួយអ្នកជំងឺកូវីដមានអាការៈធូរស្បើយ ភាគីចិនថ្មីៗនេះ បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ម៉ឺនដុល្លារអាមេរិក ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ដែលទាំងនេះបានបង្ហាញពីមិត្តភាពដ៏សែនជ្រាលជ្រៅបំផុតរបស់ប្រជាជនចិន ជូនចំពោះប្រជាជនកម្ពុជា។
ស្ថាតទូតចិន បានបង្ហាញនូវជំនឿជឿជាក់ថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រជាជនកម្ពុជា ប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ ក្នុងពេលឆាប់ៗនេះជាមិនខាន៕