(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសឱ្យដឹងថា បានរកឃើញប្រជាពលរដ្ឋចំនួន ៤នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩។

ក្នុងសេចក្តីប្រកាសនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកជំងឺទើបរកឃើញទាំង៤នាក់នេះ មានអាសយដ្ឋាននៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក។

អ្នកជំងឺទាំង៤នេះរួមមាន៖ ឈ្មោះ រស់ សៀង ភេទស្រី អាយុ ៥២ឆ្នាំ, ឈ្មោះ សួន គីមហួយ ភេទស្រី អាយុ ២៩ឆ្នាំ, ឈ្មោះ សើរ គឹមឆេង ភេទស្រី អាយុ ១២ឆ្នាំ និង ឈ្មោះ ធី អាលីស្សា ភេទស្រី អាយុ ២ខែ។

អ្នកជំងឺទាំង ០៤នាក់នេះជាអ្នកពាក់ព័ន្ធនឹងឈ្មោះ ឌឹម សុឈឿន ដែលត្រូវបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបន្តថា កន្លងមកក្រុមគ្រូពេទ្យបានធ្វើតែស្តរហ័ស (Rapid Test) ដោយរកឃើញវិជ្ជមាន០៣នាក់ និងអវិជ្ជមាន ០១នាក់។ បន្ទាប់មកក៏បានបញ្ជូនសំណាកទាំង៤នាក់ ទៅធ្វើតេស្តបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រ និងទទួលបានលទ្ធផលវិជ្ជមានទាំង០៤ករណី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

បច្ចុប្បន្នអ្នកជំងឺកូវីដី១៩ ទាំង០៤នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។ រដ្ឋបាលខេត្តបាន និងកំពុងធ្វើការស្រាវជ្រាវ និងយកសំណាកអ្នកពាក់ព័ន្ធនៅក្នុងភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ដើម្បីធ្វើតែស្តរកជំងឺកូវីដ១៩ យ៉ាងហ្មត់ចត់បំផុត។

រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយចូលរួមអនុវត្តវិធាន «៣ការពារ ៣កុំ» ឱ្យបានគ្រប់ៗគ្នា៕