(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹង ដោយសម្រេចបិទផ្សារស្ទោងក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩។

រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អាជីវករផ្សារសេរីស្ទោង ដែលរកឃើញវិជ្ជមានកូវីដ១៩ មានឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូក ដោយបានជាប់ពាក់ព័ន្ធឈ្មោះ ស៊ាង គឹមសាន អាយុ ៤៧ឆ្នាំ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលត្រូវបានខេត្តសៀមរាប ផ្តល់ព័ត៌មានមកថាវិជ្ជមានកូវីដ១៩។

រដ្ឋបាលខេត្តកំពងធំបន្តថា ដើម្បីធានាដល់ការគ្រប់គ្រង ការរីករាលនៃជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ រដ្ឋបាលខេត្តសម្រេច បិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្តោះអាសន្ន និងសូមអំពាវនាវដល់អ្នក ដែលបានចូលរួមបុណ្យសពម្តាយរបស់ឈ្មោះ ស៊ាង គឹមសាន កាលនៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០២១ និងអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាព្រះនាង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏អំពាវនាវចំពោះបងប្អូន ដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ សូមពិនិត្យ តាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីមានការប្រែប្រួលខុសប្រក្រតី ដូចជាឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕