(ភ្នំពេញ)៖ លោក ឃុន អង់តូនី (KHUN Anthony) សប្បុរសជនខ្មែរនៅប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានផ្តល់ម៉ាស់ចំនួន ៣៧.៧០០ ជូនកាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស។
ម៉ាស់វេជ្ជសាស្ត្របារាំង (គុណភាពទទួលស្គាល់ដោយ ក្រសួងការពារជាតិបារាំង) ៥ប្រភេទ សរុបចំនួន ៣៧.៧០០ម៉ាស់ គិតជាទឹកប្រាក់សរុបប្រមាណ ៦៨.០០០ អឺរ៉ូ ដើម្បីផ្តល់ជូនស្ថាប័នចំនួន ២ ដូចខាងក្រោម៖
* កាកបាទក្រហមកម្ពុជា៖ ចំនួន ១៤.១៨០ ម៉ាស ស្មើនឹង ២៦,៦០៦ អឺរ៉ូ។
* ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)៖ ចំនួន ២៣.៥៣០ ម៉ាស ស្មើនឹង ៤១,៣៩៤ អឺរ៉ូ។
ក្នុងជំនួបនោះ លោក ឃុន អង់តូនី បានលើកឡើងថា ក្នុងនាមលោកដែលមានដើមកំណើតជាខ្មែរ លោកបានសួរខ្លួនឯងថា តើលោកអាចរួមចំណែកអ្វីបាន ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតដោយជម្ងឺកូវីដ-១៩នេះ ។ បន្ទាប់មកលោកក៏បានសម្រេចចិត្តផ្តល់ម៉ាស់ជូនដល់ស្ថាប័នទាំងពីរខាងលើ ហើយសង្ឃឹមថាជំនួយទាំងនេះនឹងជួយសម្រាលទុក្ខលំបាកខ្លះដល់ប្រជាជនកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានថ្លែងអំណរគុណលោក ឃុន អង់តូនី ចំពោះកាយវិការសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោក ដែលពិតជាបានបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរយ៉ាងស្អិតរមួត ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងឆ្លងកាត់ការលំបាកនេះ។
ស្ថានទូតនឹងចាត់ចែងបញ្ជូនម៉ាស់ទាំងនេះមកប្រទេសកម្ពុជា តាមយន្តហោះ ឱ្យបានក្នុងពេលឆាប់ៗនេះ៕