(ភ្នំពេញ)៖ ឱសថបុរាណចិន Lianhua Qingwen ចំនួន៨៨០០០ប្រអប់ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
ជំនួយថ្នាំបុរាណចិននេះ ត្រូវបានរៀបចំពិធីប្រគល់-ទទួល នៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានរបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា ក្នុងជំនួបទទួលអំណោយថ្នាំនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យសុខាភិបាល បានទទួលនូវជំនួយឥតសំណងយ៉ាងច្រើនឥតគណនា និយាយជារួម និងការជួយឧបត្ថម្ភគាំទ្រ ក្នុងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងបច្ចេកទេស ថវិកា និងឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ រួមទាំងវ៉ាក់បង្ការជំងឺកូវីដ-១៩ និយាយដោយឡែក។
លោករដ្ឋមន្ត្រី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនជាពិសេស លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដែលតែងតែសម្របសម្រួល ក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់សភាពាណិជ្ជកម្មចិននៅកម្ពុជា ចំពោះការផ្តល់អំណោយមនុស្សធម៌ជា ឱសថបុរាណចិន Lianhua Qingwen Capsules ដល់ក្រសួងសុខាភិបាល នាពេលនេះ៕