(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ទទួលបានម៉ាសចំនួន១០កេស និងអាល់កុលចំនួន៣៥ធុង សរុបជាទឹកប្រាក់ ចំនួន២២០០ដុល្លារអាមេរិក ពីអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលផ្តល់ដោយដៃគូ ដើម្បីយកទៅប្រើប្រាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
ការផ្ដល់ជំនួយខាងលើនេះ តាមរយៈគម្រោង «ពង្រឹងសមត្ថភាព អង្គការក្នុងស្រុក ដើម្បីចូលរួមចំណែក លើកកម្ពស់សិទ្ធិកុមារី និងកុមារាយុវជនលើកិច្ចការពារ កុមារ សុខភាពបន្តពូជ និងការចូលរួមរបស់កុមារ» ដែលហៅកាត់ថា គម្រោង ជំនាន់ថ្មី ដែលបានធ្វើឡើងតាម ដៃគូអង្គការគណៈកម្មាធិការ សម្របសម្រួលសកម្មភាពសុខភាព។
សម្ភារទាំងអស់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិក ក្រុមគ្រូពេទ្យ នឹង ជាពិសេស ផ្តល់ដល់ការប្រើប្រាស់ផ្នែកសម្ភព សេវាថែទាំក្រោយសម្រាល ដែលរួមមាន កុមារី កុមារា និងស្ដ្រី ប្រមាណ៥០០នាក់ ដើម្បីទទួល និងប្រើប្រាស់បាននូវធនធានចាំបាច់ សម្រាប់សុខភាព និងសុខុមាលភាពរបស់ពួកគេ ក្នុងកំឡុងពេល នៃការរាតត្បាត នៃជំងឺកូវីដ១៩នេះ។
តាមរយៈជំនួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលផ្តល់ដោយដៃគូនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ឲ្យបានទាន់ពេលវេលា។
សូមជម្រាបថា គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១,៧៦១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១១,២១០នាក់, អ្នកជាសះស្បើយចំនួន ៤,៦៩៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦,៩៦៨នាក់, អ្នកស្លាប់ចំនួន ៨៨នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕