(ភ្នំពេញ)៖ ក្នុងនាមគណៈកម្មាធិការជាតិអេស្កាប់ (NC-ESCAP) លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានផ្តល់នូវកិត្តិយ ថ្លែងសុន្ទរកថាពិសេសនិងចែករំលែកនូវទស្សនវិស័យ ជាមួយបណ្តាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ក្នុងតំបន់ក៏ដូចជាពិភពលោកក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៉ីនិងប៉ាស៉ីហ្វិក នៃអង្គការសហប្រជាតិ (UN-ESCAP)។
សន្និបាតនេះប្រព្រឹត្តទៅ ក្រោមមូលបទ «ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៉ីនិងប៉ាស៉ីហ្វិក» នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដែលអង្គសន្និបាតទាំងមូលប្រារព្ធឡើងរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងបាងកក ប្រទេសថៃ។
ទេសរដ្ឋមន្រ្តីបានថ្លែងថា ទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តោតទៅលើទិដ្ឋភាពសំខាន់ៗចំនួនបីគឺ៖ ១៖ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ទៅលើសេដ្ឋកិច្ចសកល ២៖ ភាពចាំបាច់បន្ទាន់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និង៣៖ ផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលទស្សនទាំងនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឆ្លើយតបភ្លាមៗទៅនឹងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។
ទេសរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងសន្និបាតប្រចាំឆ្នាំនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លេីយតបនិងចូលរួមសហការជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានាក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល និងការស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សូមបញ្ជាក់ផងដែរថា UN-ESCAP ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៤៧ មានទីស្នាក់ការនៅទីក្រុងសៀងហៃប្រទេសចិន ក្នុងគោលបំណងស្តារសេដ្ឋកិច្ចតំបន់ក្រោយសង្រ្គាមលោក និងវិបត្តិសេដ្ឋកិច្ចសកល ហើយក្រោយមកបានប្តូរទីស្នាក់ការមកទីក្រុងបាងកក ប្រទេសថៃវិញ ក្នុងឆ្នាំ១៩៤៩។
បច្ចុប្បន្ន UN-ESCAP មានរដ្ឋជាសមាជិកចំនួន៥៣ និងរដ្ឋសង្កេតការណ៍ចំនួន៩ ដែលកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៤។ UN-ESCAP គឺជាគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ដ៏ធំជាងគេបំផុតក្នុងចំណោមគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិប្រចាំតំបន់ចំនួន០៥ ក្នុងពិភពលោករួមមាន៖ តំបន់អាស៉ីនិងប៉ាស៉ីហ្វិក (UN-ESCAP) តំបន់អាហ្រ្វិក (UN-ECA) តំបន់អឺរ៉ុប (UN-ECE) តំបន់អាមេរិកឡាទីន និងការ៉ាប៊ីន (UN-ECLAC) និងតំបន់អាស៉ីខាងលិច (UN-ESCWA)។
UN-ESCAP ដើរតួនាំមុខនៅក្នុងតំបន់ក្នុងការអង្កេតវិភាគ និងដោះស្រាយនូវបញ្ហាប្រឈមលើវិស័យជាច្រើន ជាពិសេសគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចការកាត់បន្ថយភាពក្រីក្រ និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ, ពាណិជ្ជកម្មនិងវិនិយោគ, ការដឹកជញ្ជូន, បរិស្ថាននិងការអភិវឌ្ឍ, ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាគមនាគមន៍វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍, ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការអភិវឌ្ឍសង្គម, ស្ថិតិ, ថាមពល។
បន្ថែមលើនេះសមិទ្ធផលសំខាន់ជាងគេដែល UN-ESCAP សម្រេចបាននោះគឺនៅឆ្នាំ១៩៦៦ បានបង្កើតធនាគារអភិវឌ្ឍន៍អាស៉ី (ADB) និងនៅឆ្នាំ១៩៩៥ បានបង្កើតគណៈកម្មការទន្លេមេគង្គ(MRC)៕