(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា តាមរយៈប្រព័ន្ធអនឡាញ (Zoom)។
ក្នុងនោះ ដោយមានការអញ្ជើញចូលរួម ពីអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា, ឧកញ៉ា លោក លោកស្រី ជាអនុប្រធាន សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រមាណ៧០នាក់។
អង្គប្រជុំបានពិភាក្សាស្វែងយល់លម្អិត ពីបញ្ហាប្រឈមរបស់អតិថិជន និងម្ចាស់បុរី។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឯកភាពគ្នា បង្កើតក្រុមការងារ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ក្នុងការផ្តល់ភាពងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាអ្នកទិញអចលនវត្ថុ ក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។
គូសបញ្ជាក់ថា សេវាទូរគមនាគមន៍ បានក្លាយជាសេវាសាធារណៈយុទ្ធសាស្រ្តចាំបាច់ ដូចគ្នានឹងទឹកស្អាត ឬអគ្គិសនីផងដែរ៕