(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រុមអ្នកប្រកបរបររត់តាក់ស៊ីរត់រ៉ឺម៉កកង់បី នៅក្នុងក្រុងសៀមរាប ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងនៅព្រឹកមិញនេះ គឺខ្លះចាក់ដូសទី២ និងខ្លះទៀតចាក់ដូសទី១ ដែលសរុបមានចំនួនជាង ៤០០នាក់។

ក្នុងដំណើរការចាក់វ៉ាក់សាំងនៅព្រឹកមិញនេះដែរ ក៏មានការចូលរួមពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា ព្រមទាំងមានការចែកអំណោយសប្បុរសធម៌ ពីសាខាកាកបាទក្រហមខេត្តសៀមរាប និងក្រុមហ៊ុន «បាលិលេយ្យ» ដែលបានចែកជាអង្ករ គ្រឿងបរិភោគមួយចំនួន រួមនិងបាយកញ្ចប់ ទឹកអាកុល សម្រាប់អ្នករត់រ៉ឺម៉កកង់បី។

ថ្លែងក្នុងពិធីនោះ អភិបាលខេត្តសៀមរាប បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងជូនអ្នកប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត សម្រាប់បង្ការជំងឹកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប។ ជាងនេះទៅទៀតនោះ ការចាក់វ៉ាក់សាំងនេះ គឺដើម្បីត្រៀមខ្លួនក្នុងការស្ដារសេដ្ឋកិច្ចខេត្តសៀមរាបឡើងវិញ ក៏ដូចជាត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរនៅត្រីមាសទី៤ ឆ្នាំ២០២១ខាងមុខនេះផងដែរ។

ទោះបីទទួលបានវ៉ាក់សាំងក៏ដោយចុះ លោកអភិបាលខេត្តស្នើឱ្យអ្នករត់រ៉ឺម៉កកង់បីទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលបន្តទៀត ជាប្រកាន់ខ្ជាប់នូវស្មារតី «៣ការពារ និង៣កុំ» ជានិច្ច។ ក្នុងនោះ លោកអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលនឹងប្រឈមផ្ទាល់ជាមួយទេសចរ ដូចជាមគ្គុទ្ទេសក៍ជាដើម និងដល់ពលរដ្ឋគ្រប់រូប ក្នុងករណីមានវ៉ាក់សាំងជាបន្តបន្ទាប់ទៀត៕