(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងលោកស្រី អាន ផល្លា, លោកស្រី សួស សូលីដា បានដឹកនាំក្រុមការងារយកស្បៀងអាហារជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតសរុប ១០៨១គ្រួសារ ក្នុងមូលដ្ឋានសង្កាត់ទាំង៧ និងស្ថិតក្នុងតំបន់ «ក្រហម» នៅភូមិផ្សារតូច ភូមិចុងខ្សាច់ ភូមិទួលសង្កែ និងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានបន្តពន្យល់ប្រជាពលរដ្ឋថា អាវុធស័កសិទ្ធិដែលអាចយកឈ្នះលើសត្រូវអត់ស្រមោលជំងឺកាចសាហាវកូវីដ១៩ ឱ្យបាន និងដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យើងត្រូវតែរួមគ្នាអនុវត្តវិធានការ «៣កុំ និង ៣ការពារ» ដែលដាក់ចេញដោយក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ជាពីសី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ក៏បានបន្តពន្យល់ប្រជាពលរដ្ឋផងដែរថា ការធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច គឺជាការចូលរួមដ៏សំខាន់មួយ ក្នុងចំណោមវិធានការផ្សេងៗមួយចំនួនទៀត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ និងអាចឈានដល់ការបញ្ចប់ព្រឹត្តិការសហគមន៍២០កុម្ភៈ។
លោក ជា ពិសី បានគូសបញ្ជាក់ថា «បើគ្មានការចាំបាច់ទេ សូមបងប្អូនប្រជាពលរដ្ឋកុំចេញក្រៅផ្ទះ ហើយរួមគ្នាអនុវត្តវិធានការ ៣ការពារគឺ ការពាក់ម៉ាស់ ការធ្វើអនាម័យដោយលាងដៃនឹងអាកុល ឬជែល និងការរក្សាគម្លាតសង្គមចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។ ឯវិធានការ ៣កុំគឺ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ឬកន្លែងម៉ាស៊ីនត្រជាក់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ពាល់គ្នា (គ្រប់រូបភាព)។
លោកថា វិធានការ២ចូលក៏កាន់តែសំខាន់ទៀត គឺការចូលរួមស្កេន ឃ្យូអរកូដ និងការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលវិធានទាំងអស់នេះជាឱសថទិព្វ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ហើយក៏ជាអាវុធដើម្បីបញ្ចប់ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)។
សូមជម្រាបថា ចំពោះគ្រឿងឧបភោគបរិភោគជាស្បៀងអាហារ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោក ជា ពិសី, លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា នាំយកមកចែកជូនប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន១០៨១គ្រួសារ ក្នុងមូលដ្ឋានសង្កាត់ទាំង៧ និងស្ថិតក្នុងតំបន់ «ក្រហម» ជាតំបន់បិទខ្ទប់ ក្នុងមួយគ្រួសារទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និងត្រីខ ១០កំប៉ុង៕