(ភ្នំពេញ)៖ តាងនាមឱ្យគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសអញ្ជើញបេក្ខជនកម្ពុជាចូលរួមប្រកួតប្រជែងរចនានិមិត្តសញ្ញា(Logo)អាស៊ាន ឆ្នាំ២០២២។

និមិត្តសញ្ញាដែលទទួលបានជ័យលាភី នឹងត្រូវយកទៅប្រើប្រាស់លើរាល់ឯកសារ និងក្នុងព្រឹត្តការណ៍នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការរចនានិមិត្តសញ្ញានេះត្រូវផ្អែកតាមទស្សនទាន និងបំពេញតាមលក្ខខណ្ឌ ដូចមានជូនភ្ជាប់។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្តល់ជូននូវគំរូនិមិត្តសញ្ញាប្រធានអាស៊ានមុនៗ ពីឆ្នាំ២០១២-២០២១ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា ដូចមានភ្ជាប់មកជាមួយគ្នានេះដែរ។

បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤.០០០.០០០រៀល (បួនលាន) ហើយបេក្ខជន២រូបទៀតដែលជាប់វគ្គជម្រុះ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ក្នុង១រូប ចំនួន ១.០០០.០០០រៀល (មួយលាន)។

បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែង ត្រូវផ្ញើនិមិត្តសញ្ញា ដោយពន្យល់ពីអត្ថន័យនៃនិមិត្តសញ្ញា (Logo)មកអ៊ីមែល [email protected] ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ ដើម្បីគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ធ្វើការវាយតម្លៃ៕