(ត្បូងឃ្មុំ)៖ តំបន់មួយចំនួនក្នុងឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានបិទខ្ទប់ជាបន្ដបន្ទាប់ ក្រោយរកឃើញប្រជាពលរដ្ឋនៅតំបន់នោះកើតជំងឺកូវីដ១៩ និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។

លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងបិទខ្ទប់ នៅភូមិដីដុះ និងភូមិទួលសម្បត្តិ ឃុំប៉ើស២។

ក្នុងឱកាសនេះ លោក ហាក់ សុខមករា បានអំពាវនាវដល់ប្រជាពលរដ្ឋស្ថិតនៅតំបន់បិទខ្ទប់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល និងកុំចាកចេញពីតំបន់បិទខ្ទប់។ ក្នុងករណីនេះអ្នកដែលមានការពាក់ព័ន្ធ ឬធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ ត្រូវទៅយកសំណាកជាបន្ទាន់ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានេះ លោក ក៏បានឧបត្ថមគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ទឹកបរិសុទ្ធផ្គត់ផ្គង់ដល់កងកម្លាំងការពារ អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងបងប្អូនប្រជាពលរដ្ឋដែលមកស្នាក់នៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យក្រូចឆ្មារ ផងដែរ៕