(ភ្នំពេញ)៖ បុគ្គលម្នាក់ដែលក្លែងបន្លំជាបុគ្គលិក Foodpanda ដើម្បីអាចចរាចរណ៍បានដោយសេរីនោះ ត្រូវនគរបាលរាជធានីភ្នំពេញ ហៅទៅធ្វើកិច្ចសន្យាអប់រំ។ នេះបើតាមការផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩៖៣០នាទី ឈ្មោះ ជាប វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន Foodpanda បានប្រទះឃើញឈ្មោះ សុខ ហាំងលាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវជាតិលេខ៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានជិះម៉ូតូដឹកសម្ភារដោយយកធុងរូបខ្លាឃ្មុំ ពណ៌ផ្កាឈូក របស់ក្រុមហ៊ុន Foodpanda ហើយអត់មានពាក់កាត និងឯកសណ្ឋានរបស់ក្រុមហ៊ុន។

ដោយមានការសង្ស័យ មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន គាត់ក៏បានជិះម៉ូតូដេញតាមតាំងពីម្ដុំផ្សារដើមគ រហូតមកដល់ចំណុចកើតហេតុ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ក្រុមទី៣៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ពេលនោះសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលផ្សារដើមថ្កូវបានចុះទៅដល់ ទីតាំង ហើយក៏បាននាំយកភាគីទាំងពីរមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំ។

ពេលមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ភាគីខាងក្រុមហ៊ុន Foodpanda បានធ្វើលិខិតសំណូមពរមកសមត្ថកិច្ច ដោយមិនធ្វើការប្ដឹងផ្ដល់ទៅលើឈ្មោះ សុខ ហាំងលាង ទេ គ្រាន់តែសូមឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា។

ក្រោយធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុគ្គលដែលក្លែងបន្លំជាបុគ្គលិក Foodpanda វិលទៅគេហដ្ឋានវិញ នឹងបានដកហូតសម្ភារ:សំបកធុង Foodpanda ដើម្បីប្រគល់ជូនខាងភាគីក្រុមហ៊ុនវិញ៕